
ក្រុងបាត់ដំបង៖ លោកបណ្ឌិត អ៊ិន ចាន់នីប្រធានអគ្គនាយកនៃធនាគារអេស៊ីលីដាបានថ្លែងថា លោកកំពុងរៀបចំផែនការក្នុងការពង្រីកសេវាទូទាត់ឆ្លងប្រទេសជាមួយប្រទេសពីរបន្ថែមទៀតនៅអាស៊ានគឺឡាវ និងវៀតណាមដើម្បីសម្រួលដល់ការទូទាត់នៃលំហូរទំនិញ និងសេវាកម្មរវាងកម្ពុជានិងប្រទេសទាំងពីរនេះ បន្ទាប់ពីខ្លួនទទួលបានជោគជ័យជាមួយការទូរទាត់នេះជាមួយប្រទេសថៃកន្លងមក។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីខួប៣០ឆ្នាំនៃការបង្កើតធនាគារអេស៊ីលីដាពីក្រុងបាត់ដំបង លោកអ៊ិន ចាន់នីបានមានប្រសាសន៍ថា ជាមួយផែនការក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយនិងមានភាពបត់បែនឆ្លើយតបទៅនឹងតម្រូវការមហាជនគ្រប់ស្រទាប់វណ្ណះ ធនាគារអេស៊ីលីដាមានផែនការក្នុងការតភ្ជាប់នៃការទូទាត់ឆ្លងប្រទេសទៅកាន់ប្រទេសជិតខាងកម្ពុជានាពេលខាងមុខនេះ។
លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖យើងសម្រឹតសម្រាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់យើងឱ្យមានភាពទន់ភ្លន់បត់បែនទៅគ្របមជ្ឍដ្ឋានមហាជនទាំងអស់ទាំងជនបទនិងទីក្រុង។ យើងនឹងផ្សាភ្ជាប់នូវអ្វីដែលយើងមាននូវហេដ្ឋារចនាសម្ព័ន្ធនេះជាមួយថ្នាក់តំបន់គឺយើងបានធ្វើរួចហើយគឺភ្ជាប់ជាមួយប្រទេសថៃ ហើយយើងនឹងធ្វើការតភ្ជាប់ជាមួយប្រទេសពីរទៀតគឺសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ និងសារធារណៈសង្គមនិយមវៀតណាមសម្រាប់ការជំរុញការទូទាត់ឆ្លងប្រទេស (Cross-border payment) ដែលនេះគឺជាផែនការយុទ្ធសាស្រ្តរបស់យើងដែលបានសម្រឹតសម្រាំងនូវហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពទន់ភ្លន់និងជ្រៀបជ្រៅទៅក្នុងមហាជនគ្រប់ស្រទាប់និងថ្នាក់តំបន់ដែលនេះជាចំនុចសំខាន់»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី«ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជ ទីមួយក្នុង ប្រទេសកម្ពុជា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ច ផ្តួចផ្តើម និងដឹកនាំរបស់ធនាគារ ជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។
សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Codeរបស់អេស៊ីលីដា ដែលជាស្តង់ដារ ឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថាន ផ្តល់ សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕