ចំណូល​ពី​វិស័យ​ទេសចរអន្តរជាតិក្នុង​ឆ្នាំ​២០២០ ថយចុះ​ជិត ៨០​%

ភ្នំពេញៈ ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរ​អន្តរ​ជាតិ​របស់​​​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២០ មាន​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះជិត​ ៨០​ភាគ​រយ​បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​​​ឆ្នាំ​២០១៩ ប៉ះពាល់ដោយសារតែការរីករាលដាល​នៃ​​ជំងឺ​កូវីដ​១៩​។

របាយការណ៍​ស្ថិតិ​ទេសចរណ៍ឆ្នាំ​២០២០ ដែល​ចេញ​ផ្សាយ​ថ្មីៗ​នេះ ​បង្ហាញ​ថា វិបត្តិ​​ជំងឺ​កូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​​​វិស័យ​ទេសចរណ៍​​នៅ​កម្ពុជា​ដោយ​ប្រាក់​ចំណូល​ពី​ទេសចរណ៍​អន្តរ​ជាតិ​ដែល​​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ​២០២០ មាន​ត្រឹម​ ១,០២៣ពាន់​លាន​ដុល្លារធ្លាក់​ចុះ​៧៩​,២​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ ៤,៩១​៩ពាន់​​លាន​ដុល្លារ​។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​មកប្រទេស​​កម្ពុជាមាន​ចំនួន ១,៣​១លាន​នាក់ ថយចុះ ៨០,២​ភាគ​រយធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន ៦,៦១លាន​នាក់​។​

ការ​ធ្លាក់​ចុះ​ដ៏​គំហុក​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​ទឹក​ប្រាក់​ដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ចូល​រួម​ចំណែក​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ក្នុង​ឆ្នាំ​២០២០ មាន​ត្រឹម​តែ​ ៣​ភាគ​រយ​ប៉ុណ្ណោះ ខណៈ​កាល​ពី​ឆ្នាំ​២០១៩ មាន​​ប្រមាណ ១២,១​ភាគ​រយ៕

Leave a Reply

Your email address will not be published. Required fields are marked *