AFT ចុះ​កិច្ចព្រមព្រៀង​រយះពេល​៥​ឆ្នាំ ​ទិញ​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា​នៅ CSX

Acleda Financial Trust (AFT) ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) ស្ថិតក្រោម​ធនាគារ​អេស៊ីលីដា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​Acleda Bank Plc. (ABC) សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​មួយ​នេះ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦​ជា​វិធានការ​មួយ ដើម្បី​ធ្វើ​ឲ្យ​ការលក់​ភាគហ៊ុន​របស់​ធនាគារ​មួយ​នេះ មាន​ស្ថិរភាព​ថ្លៃ​នៅលើ​ទីផ្សារ​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់ ABC ដល់ CSX កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារពាណិជ្ជ​ដំបូង​គេ នៅ​កម្ពុជា​បាន​ចុះបញ្ជី​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) សូម​ជូនដំណឹង​ដល់​ភាគ​ទុ​និក​ទាំងអស់​ថា បន្ទាប់ពី​មានការ​ជូនដំណឹង​ស្តីពី​ការវិនិយោគ​លើ​ធនាគារ​អេស៊ីលីដា​របស់​ACLEDA Financial Trust ចុះ​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្របតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​និង​និយតករ AFT នឹង​ទិញ​ភាគហ៊ុន​នៅលើ CSX ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦ ដោយ​ផ្អែកលើ​ផែនការ​ថវិកា​ផ្ទៃក្នុង និង​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​របស់ខ្លួន​។​ ​លោកស្រី ម៉ា អម​រ៉ា អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​របស់ ធនាគារ​អេស៊ីលីដា បាន​ប្រាប់​ IC នៅ​ថ្ងៃទី ១០ ខែកុម្ភៈ​ថា AFT នឹង​វិនិយោគ​លើ​ធនាគារ​អេស៊ីលីដា តាមរយៈ​ការទិញ​ភាគហ៊ុន​របស់​ABC នៅលើ CSX រយៈពេល ៥ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦​។​

​លោកស្រី​ថ្លែងថា​៖ «​ជាទូទៅ យើង​ជឿជាក់ និង​រំពឹងថា ការវិនិយោគ​នេះ​នឹង​រួមចំណែក​ដល់​ការចូលរួម​យ៉ាងសកម្ម​បន្ថែមទៀត​របស់​វិនិយោគិន​នៅក្នុង CSX ការកើនឡើង​សន្ទនីយ​ភាព​លើ​ទីផ្សារ និង​ការ​បង្កើនល្បឿន​ការអភិវឌ្ឍន៍​ទីផ្សារ​មូ​លប​ត្រ​នៅ​កម្ពុជា​»​។​

​លោកស្រី គឹម សុ​ផានី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX បាន​ឲ្យ​ដឹងថា AFT គឺជា​អ្នក​ស្នង​តំណែង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ធនាគារ​អេស៊ីលីដា ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​ទំនុកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​នៅពេលនេះ​គឺជា​ភាគ​ទុ​និក​ឈានមុខ​គេ របស់​ធនាគារ​អេស៊ីលីដា​។​

​លោកស្រី​លើកឡើងថា​៖ «​ផែនការ​វិនិយោគ​រប​ស់ AFT បង្ហាញថា​AFT មាន​ទំនុកចិត្ត​លើ​ការវិនិយោគ​រយៈពេល​វែង​ជាមួយ​ធនាគារ​អេស៊ីលីដា​។ សំខាន់​ជាងនេះទៅទៀត ខ្ញុំ​ជឿជាក់ថា ផែនការ​នេះ​នឹង​ជួយ​កែតម្រូវ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​កែតម្រូវ​ភាពមិន​ស៊ីគ្នា​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​បច្ចុប្បន្ន​នៃ​ភាគហ៊ុន​របស់​ABC នៅលើ​ទីផ្សារ ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ឡើងវិញ​ពី​វិនិយោគិន​ដែល​បារម្ភ​ពី​ការបន្ត​ធ្លាក់ចុះ​តម្លៃ​ដោយសារតែ​ការលក់​ភាគហ៊ុន​ដែល​នៅសល់​នៅពេល​ខាងមុខ ដែល​គ្រប់គ្រង​ដោយ​បុគ្គលិក​អេស៊ីលីដា​ស្ថិតក្រោម ASA»​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ និង​ទទួល​បានការ​ទំនុកចិត្ត​ពី​វិនិយោគិន​សាធារណៈ​លើ​ផែនការ​នេះ ហើយ AFT គួរតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ផែនការ​វិនិយោគ​លម្អិត​របស់​ពួកគេ រួមទាំង​គោលបំណង​ជាក់លាក់ ការ​តំណ​ត់​តម្លៃ​ទិញ​ពេលវេលា លម្អិត​បន្ថែមទៀត និង​ប្រភព​មូលនិធិ ។​ល​។​»​។​

​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់ CSX ភាគហ៊ុន​របស់ ABC បិទ​កាលពី​ថ្ងៃ​ពុធ​ទី​៩ ក្នុងតម្លៃ​១៣ ៣០០​រៀល​ក្នុង​១​ហ៊ុន ជាមួយនិង​ទំហំ​ភាគហ៊ុន​សរុប​ចំនួន ៣៨ ០៥១ ដែលមាន​តម្លៃ​សរុប ៥០៦ ០៧៨ ៣០០​រៀល បើ​ធៀប​ទៅ​និង​ការបិទ​កាលពី​ថ្ងៃទី​៤​កន្លងមកនេះ គឺ​តម្លៃ​ភាគហ៊ុន​របស់​ABC មានតម្លៃ​ត្រឹមតែ ១០ ៣០០​រៀល​តែប៉ុណ្ណោះ ដែលមាន​ភាគហ៊ុន​សរុប​១៦ ៩៤៧ មានតម្លៃ​សរុប​ចំនួន ១៧៤ ៦១៩ ២៦០ រៀល​៕

 

អត្ថបទដោយ​៖​ យុទ្ធ វីរះ