កម្ពុជា​ប្រមូល​ពន្ធ​គយ បាន​ជិត ៦១៥​លាន​ដុល្លារក្នុង​ត្រីមាស​ទី​១​

ភ្នំពេញៈ ការ​ប្រមូល​ចំណូល​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ សម្រេច​បាន​ប្រមាណ​ជិត ៦១៥​លាន​ដុល្លារ​ធ្លាក់​ចុះ​ជាង ​១៥ ​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ នេះ​បើ​យោង​តាម​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ត្រីមាស​ទី១ របស់​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាតាម​រយៈ​ប្រព័ន្ធ​វីដេអូ កាល​ពី​សប្តាហ៍​មុន​​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០២១ អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ​ប្រមូល​ចំណូល​បាន​ប្រមាណ​ ៦១៤,៨ លាន​ដុល្លារ ថយ​ចុះ១៥,២ភាគ​រយ​​​ធៀប​នឹង​ត្រី​មាសទី១ ឆ្នាំ២០២០។ លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ក្នុង​ត្រីមាស​ទី១ នេះ​គឺ​សម្រេច​បាន២៦ភាគ​រយ​នៃ​ផែនការ​ឆ្នាំ​ដែល​កំណត់​ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២១។

ដោយ​ឡែក​សម្រាប់​ខែមីនា ឆ្នាំ​២០២១ ការ​ប្រមូល​ចំណូល​សម្រេច​បាន​ប្រមាណ ២១១,៣ លាន​ដុល្លារ ថយ​ចុះ ៤,៧ភាគ​រយ​ធៀបនឹងខែមីនា ឆ្នាំ២០២០។

ចំណូល​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ នេះ បើ​គិត​តាម​ក្រុម​ប្រភេទ​ទំនិញ​គឺ​ចំណូល​ពី​យាន​យន្ត និង​គ្រឿងចក្រមាន ៤៣,៥​ភាគ​រយ​នៃ​ចំណូល​សរុប, ទំនិញ​ចម្រុះមាន ២៧,៤ភាគ​រយ, ផលិត​ផល​តេលសិលា(ប្រេង​សាំង​ធម្មតា ប្រេង​សាំង​ស៊ុបពែរប្រេង​ម៉ាស៊ូត និង​ប្រេង​រំអិល) មាន ២២,៨ភាគ​រយ និង​សម្ភារ​សំណង់និង​កម្រៃ​ផ្សេងៗ មាន ៦,៣ភាគ​រយ។

ដើម្បី​លើក​កម្ពស់​ការ​ប្រមូល​ចំណូល​ពន្ធ​គយ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​អត្រា​ពន្ធ​គយលើ​ការ​នាំ​ចូល​រថយន្ត​ ​ចន្លោះ​ពី ​១០-២០​ភាគ​រយ ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំង​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១​។​

ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០២០ ការ​ប្រមូល​ចំណូល​សម្រេច​បាន ២ ៤១៩,៦ លាន​ដុល្លារ ធ្លាក់​ចុះ​ ២៤,៨ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕

Leave a Reply

Your email address will not be published. Required fields are marked *