លោក សុខ ចិន្តា​សោភា ៖កម្ពុជា​បាន​នឹង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ

ភ្នំពេញៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) លោក សុខ ចិន្តា​សោភា បាន​និយាយថា កម្ពុជា​បាន​នឹង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​សំដៅ​ការកសាង «អាស៊ាន​បៃតង» និង​អនាគត​ប្រកបដោយ​ភាព​ធន់ និង​បរិ​យា​ប័ន្ន។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី២ នៃ​កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ (2ndMinisterial Conference of the OECD Southeast Asia Regional Programme) ដែល​​​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២២ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​ប្រធានបទ «អនាគត​ដែល​ផ្តោតលើ​មនុស្ស៖ ភាពជា​ដៃគូ​សម្រាប់​អាស៊ាន​កាន់តែ​ឆ្លាត​វៃ បៃតង និង​បរិ​យា​ប័ន្ន»(A human-centered future: Partnership for a smarter, greener and more inclusive ASEAN)។

ថ្លែង​ក្នុង​បទ​អន្តរាគមន៍​លើ​ប្រធានបទ «ការធានា​ការ​ស្តារឡើងវិញ​ប្រកបដោយ​ភាព​បៃតង​ដើម្បី​អាស៊ាន​ដែលមាន​ភាព​ធន់»  ( Ensuring Green recovery towards a more resilient ASEAN) លោក សុខ ចិន្តា​សោភា បាន​ជម្រាបជូន​អង្គ​សន្និសីទ​ពី​ការ​ចូល​រួមជាមួយ​បណ្តា​ប្រទេស​អាស៊ាន និង​អង្គការ OECD របស់​កម្ពុជា​លើ​កិច្ចខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ សំដៅ​ការកសាង «អាស៊ាន​បៃតង» និង​អនាគត​ប្រកបដោយ​ភាព​ធន់ និង​បរិ​យា​ប័ន្ន។

បន្ថែម​ពី​លើ​នេះ លោក ក៏​បាន​លើក​ឡើង​នូវ​​​វិធានការ​ជាក់ស្តែង​មួយចំនួន​ដែល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​រួមមាន ១) យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ២) ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ឈរលើ​សសរស្តម្ភ​ចំនួន ៣ (3Rs) គឺ ១-ការ​ស្តារឡើងវិញ (Recovery) ២-ការកែទម្រង់ (Reform) និង ៣-ការកសាង​ភាព​ធន់ (Resilience)។

ឯកឧត្តម​បានបញ្ជាក់ថា៖​«​​សម្រាប់​សសរស្តម្ភ​ការកសាង​ភាព​ធន់ រាជរដ្ឋាភិបាល​ពង្រឹង​ការត្រៀមខ្លួន​និង​ឆ្លើយតប ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ដោយ​ផ្តោតលើ​ការកសាង​ធនធានមនុស្ស, ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​រួមបញ្ចូល​ការពង្រឹង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​និង ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ផងដែរ»។

ក្នុង​ឱកាស​នោះ លោក​ក៏បាន​រំលេច​ពី​ច្បាប់​ស្តីពី​វិយោគ​ថ្មី​ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែល​បញ្ញត្តិ​ស្តីពី​ការលើកទឹកចិត្ត​នៃ​ច្បាប់​នេះ​បានចែង​ពី​វិស័យ​និង​សកម្មភាព​វិនិយោគ​ចំនួន ១៩ ត្រូវ​បានទទួល​ការលើកទឹកចិត្ត ក្នុងនោះ​រួមមាន​ការវិនិយោគ​ក្នុងការ​គ្រប់គ្រង ការការពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈចម្រុះ និង​សេដ្ឋកិច្ច​ច​ក្រា ក៏ដូចជា ការវិនិយោគ​ក្នុង​វិស័យ​ថាមពលបៃតង បច្ចេកវិទ្យា​ដែល​រួមចំណែក​ដល់​ការ​បន្ស៊ាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ។

សន្និសីទ​នេះ​ផ្តល់ឱកាស​ជូន​រដ្ឋមន្ត្រី និង​អ្នកតំណាង​ជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​សមាជិក​អង្គការ​OECDធ្វើការ​កំណត់​អត្តសញ្ញាណ​បញ្ហា​ប្រឈម​ផ្នែក​ឌីជីថល​បរិស្ថាន និង​សង្គម​ដែល​ប្រទេស​ក្នុង​តំបន់​បាននិងកំពុង​ជួបប្រទះ​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ និង​ពិភាក្សា​អំពី​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​កាលានុវត្តភាព។សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ចំនួន ២គឺ  ការកសាង​អាស៊ាន​ដ៏​ឆ្លាត​វៃ​សម្រាប់​អនាគត​ប្រកបដោយ​បរិ​យា​ប័ន្ន និង ការធានា​ការ​ស្តារឡើងវិញ​ប្រកបដោយ​ភាព​បៃតង​ដើម្បី​អាស៊ាន​ដែលមាន​ភាព​ធន់។

សន្និសីទ​នេះ​មានការ​អញ្ជើញ​ថ្លែងស​ន្ទុ​រក​ថាបើ​កដោយ លោក ឈឹង អ៊ី​យុង(CHUNGEui-yong)រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ លោកស្រី​ ផន​ភិ​មុន កាន់​ឆា​ណា​ឡាក់ (Pornpimol Kanchanalak) ប្រេសិត​ពិសេស​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ និង លោក​ ម៉ា​សៀ​ស ខ​ម៊ែ​ន (Mathias CORMANN)អគ្គលេខាធិការ​អង្គការ OECD ដែល​បាន​ថ្លែង​រំលេច​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ក៏ដូចជា​ការប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​រវាង​អាស៊ាន និង​អង្គការ OECD។

សូមជម្រាបថា កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ OECDមាន​ប្រទេស​កូរ៉េ និង​ថៃ ជា​សហប្រធាន នៅក្នុង​ដំណាក់កាល​ទី២នេះ ហើយ​សម្រាប់​ដំណាក់កាល​បន្ទាប់ ប្រទេស​អូ​ស្រា្ត​លី និង​វៀតណាម នឹង​ធ្វើជា​សហប្រធាន​ក្នុង​រយៈពេល ៤ឆ្នាំ៕