ភ្នំពេញៈក្រសួងពាណិជ្ជកម្មបានជូនដំណឹងដល់ផលិតករនិងអ្នកនាំចេញនៅតែបន្តទទួលពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិស្របពេលអ្នកនាំចេញប្រឈមនឹងបញ្ហាដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានផ្សាយកាលពីថ្ងៃទី២០ ខែមេសានេះថា ឲ្យដឹងថាដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាសាធារណៈ ក្រសួងបានចាត់តាំងមន្ត្រីតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ(CO)សម្រាប់ការនាំចេញទំនិញទៅបរទេសជាប្រក្រតី។
សេចក្តីជូនដំណឹង៖ «សូមផលិតករ ឬអ្នកនាំចេញ បន្តដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម«co.moc.gov.kh»។
សហព័ន្ធ ស្រូវ អង្ករ កម្ពុជា(CRF) បានឲ្យដឹងថា ក្នុអំឡុងពេលបិទខ្ទប់នេះបានបណ្តាលឱ្យប៉ះពាល់ដល់ វិស័យស្រូវ អង្ករ និងដឹកជញ្ចូនដឹកទំនិញ ដែលមិនអាចដំណើរការរោងម៉ាស៊ីនកិនស្រូវ និងការដឹកអង្ករឆ្លងកាត់ទីក្រុង ក៏ដូចជាពី ខេត្តទៅកំពង់ផែ បានទេ។
សេចក្តីអំពាវនាវរបស់ CRF បន្តថា ជាមួយគ្នានេះ សមាជិករបស់សហព័ន្ធនេះមួយចំនួនដែលមិនមានទីតាំងនៅតំបន់បិទខ្ទប់ក៏រងផលប៉ះពាល់ ផងដែរ ដោយសារបុគ្គលិករបស់ខ្លួនរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មិនអាចធ្វើដំណើរទៅបំពេញការងារបាន។
CRF ឲ្យដឹងថា«ក្រុមហ៊ុនទាំងនេះមិនអាចធ្វើប្រតិបត្តិការធម្មតាបានទេ ដូនេះអាចពន្យាពេលផលិតកម្ម ក៏ដូចជា មិនអាចសម្រេចបានតាមកាលវិភាគដឹកជញ្ជូនដែលបានព្រមព្រៀងគ្នានាពេលកន្លងមក។យើងសូមអំពាវនាវឱ្យមានការយោគយល់និងជួយរៀបចំឲ្យមានការសម្របសម្រួលនៅក្នុងស្ថានភាពពិសេសនេះ»។