កម្ពុជា​​រក​ចំណូល​បាន​ចំនួនជាង ៣,៤ ពាន់លាន​ដុល្លារពីវិស័យកសិកម្មក្នុងឆ្នាំ២០២០

បន្លែរសាឡាត់របស់ប្រជាកសិករនៅក្នុងថ្នាលដំណាំមួយនៅក្នុងខេត្តកណ្តាល។ រូបថត: ក្រសួងកសិកម្ម

ភ្នំពេញៈ ប្រទេសកម្ពុជាបាន​នាំចេញ​កសិផល​សរុប​ជាង ១៣ លាន​តោន​កាលពី​ឆ្នាំ ២០២០ ឬគិតជាទឹកប្រាក់ប្រមាណជាង ៣,៤ ពាន់លាន​ដុល្លារ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ជាសកលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ។​

នេះ​បើ​តាម​ទិន្នន័យពីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ កម្ពុជា​​បាន​​ផលិត​នូវ​ផលិតផល​កសិកម្ម​សរុប​ជាង ២០ លាន​តោន កាលពី​ឆ្នាំមុន​ ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​កសិផល​សរុបចំនួន​ជាង ១៣ លាន​តោន​ ដោយរក​​ចំណូល​ពីការ​នាំចេញ​ចំនួន​ជាង ៣ ៤៣៣ លាន​ដុល្លារ​ កាលពីឆ្នាំទៅ។ នេះ​បង្ហាញ​ថា ការនាំចេញ​កសិផល​របស់កម្ពជា​បង្ហាញកំណើន​ល្អ​ប្រសើរ​។

ក្រសួង​កសិកម្ម បន្ថែមថា ក្នុងនោះ កម្ពុជា​បាន​នាំចេញ​អង្ករ និង​ស្រូវ​ក្នុង​បរិមាណ​សរុប​ជាង ៣,៥៨ ​លាន​តោន​ដែលមាន​តម្លៃ​ជាង ១,២៦ ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២០។​ក្នុងនោះ ការ​នាំចេញ​ស្រូវ​គិតជាទឹកប្រាក់​មាន​តម្លៃជាង ៧២៣ លាន​ដុល្លារ​។​

ក្រសួង​កសិកម្ម​ ឲ្យ​ដឹងទៀថា ដើម្បី​ដោះស្រាយ​បញ្ហាទីផ្សារ​កសិករ​កម្ពុជា​ ក្រសួង​បាន​ខិតខំជំរុញ​ការ​ចរចា​​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​មុខ​ដំណាំ​សំខាន់​ៗ​ ដើម្បី​បើក​ទីផ្សារ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​បំណង​នាំ​ចូល​កសិផល​កម្ពុជា​រហូត​​បានស​ម្រេច​បាន​ជោគជ័យ​រួច​មក​ហើយ​នាពេល​កន្លង​។

ក្នុង​ខែ​មិថុនា ឆ្នាំ២០២០ កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន ដោយ​អាច​នាំចេញ​ស្វាយ​ស្រស់ ៥០ ម៉ឺនតោនក្នុង ១ ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *