ក្រសួងទេចរណ៍បើកវគ្គ បណ្តុះបណ្តាល ថ្នាក់តំបន់ ស្តីពី​គោលដៅទេសចរណ៍ប្រកបដោយភាពធន់  

ភ្នំពេញៈ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហ​ប្រតិបត្តិការ​អន្តរជាតិ ជាតំណាងក្រសួងទេសចរណ៍ និងលោកស្រី Liz Oritiguera ប្រធានសមាគម​ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) បានអញ្ជើញជាអធិបតីបើកវគ្គ បណ្តុះបណ្តាល ថ្នាក់តំបន់ ស្តីពី​គោលដៅទេសចរណ៍ប្រកបដោយភាពធន់ (Tourism Destination Resilience) តាមប្រព័ន្ធអនឡាញ (zoom) ។

វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ រៀបចំដោយផ្ទាល់នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមជាមន្ត្រី ជំនាញពីមន្ទីរទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងមន្ទីរពាក់ព័ន្ធ ប្រចាំខេត្តសៀមរាប ចំនួន ២០រូប។

វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និង PATA ដោយមានការចូលរួមជាគ្រូឧទ្ទេសពីអ្នកជំនាញ PATA ។ វគ្គបណ្ដុះបណ្ដាលផ្ដោតលើការពង្រឹងចំណេះដឹង ការវាយតម្លៃ និងការដោះស្រាយវិបត្តិឆ្ពោះទៅកាន់ភាពធន់ (Resilience) តាមគម្រូ Tourism Destination Resilience (TDR) ដែលរៀបចំឡើងដោយ PATA។ គម្រូ TDR នេះ ផ្ដោតលើទស្សនៈទាន “ចីរភាពអាចទទួលបាន ដរាបណាគោលដៅទេសចរណ៍មានភាពធន់”។

ក្នុងន័យនេះ ការបណ្ដុះបណ្ដាលផ្ដោតសំខាន់លើ៖ ការវាយតម្លៃហានិភ័យ (Assessing Risk), ការគ្រប់គ្រង ហានិភ័យ (Managing Risk) និងការកសាងសមត្ថភាពសម្របខ្លួន (Adaptive capacity)។ វិធីសាស្ត្រនេះនឹង ត្រូវបានកែសម្រួលជា ASEAN Sustainability Toolkits ដើម្បីវាស់វែងចីរភាពនៃគោលដៅទេសចរណ៍អាស៊ាន ដែលកម្ពុជាទទួលបន្ទុករៀបចំស្របតាម ATSP 2016-2025។

ការបណ្តុះបណ្តាលនេះ ជាវគ្គទី២ បន្ទាប់ពីវគ្គទី១ ត្រូវបានរៀបចំ នៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាមបញ្ចាប់ការសិក្សា ចំនួន ៣០រូប៕