កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧

ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ«យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» ក្នុង​គោលបំណង ក្នុងការ​កំណត់​ទិសដៅ​អភិវឌ្ឍន៍​រួម បង្កើត​ឯករាជ្យ​ភាព ពង្រឹង​ភាព​ប៉ាន់ប្រមាណ​បាន​និង​ពង្រឹង​ស្ថិរភាព​នៃ​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា​ដើម្បី​បន្ត​ការលើក​កម្ពស់​​អភិវឌ្ឍន៍​វិស័យនេះ​ប្រកបដោយ​ចីរភាព​បរិ​យាប​ន្ន។

នៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» លោក ផាន់ ផល្លា រដ្ឋ​លេខ​ធិ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច បាន​លើក​ថា ចក្ខុវិស័យ​ធំ​សម្រាប់​ការរៀបចំ​យុទ្ធសាស្ត្រ​នេះ គឺ ដើម្បី​អភិវឌ្ឍន៍​វិស័យ​យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ឱ្យទៅជា​ឧស្សាហកម្ម​មួយ ដែលមាន​ចីរភាព​បរិស្ថាន មាន​ភាព​ធន់ មានតម្លៃ​បន្ថែម​ខ្ពស់ ផ្តោតលើ​ផលិតផល​ថ្លៃ​ខ្ពស់ មាន​លក្ខណៈពិសេស និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ជា​មូលដ្ឋាន​គាំទ្រ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅមុន​ដំណាច់ឆ្នាំ២០២។

លោក​បាន​បន្ថែមថា ក្រសួង​សេដ្ឋកិច្ច នឹង​ដាក់ចេញ​វិធានការ​ជា​យុទ្ធសាស្ត្រ​ចំនួន៥ ដើម្បី​សម្រេច​ចក្ខុវិស័យ​និង​បាន​គោលបំណង​ទាំងនេះ​រួមមាន ទី១បន្ត​ពង្រឹង​ធនធានមនុស្ស ដើម្បី​បង្កើន​ផលិតភាព​និង​បង្កើត​គន្លង​អាជីព​សម្រាប់​កម្មករ ទី២ បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សុខុមាលភាព​របស់​កម្ម​ករ ទី៣ លើកកម្ពស់​ការវិនិយោគ​ក្នុងស្រុក និង​បរទេស​ដែលមាន​តម្លៃបន្ថែម​ខ្ពស់  និង​ផ្តោតលើ​ផលិតផល​ថ្លៃ​ខ្ពស់ មាន​លក្ខណៈពិសេស ទី៤ ទាក់ទាញ​ការវិនិយោគ​នៅក្នុង​ឧស្សាហ​កម្មត​ភ្ជាប់ និង​ទី៥ ជម្រុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​ផលិតផល​កាត់ដេរ ស្បែកជើង និង​កាបូប។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា នេះ​ជា​យុទ្ធសាស្ត្រ​ដំបូង សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ ​ឱ្យឆ្ពោះ​ទៅរក​ភាព​រីកចំរើន​នាពេល​បច្ចុប្បន្ន ​និង​អនាគត។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖«ក្នុងរយៈ​ពេលមធ្យម​ និងវែង ​វិស័យកាត់ដេរ ​នឹងនៅតែ​បន្តជាជន្ទល់​សេដ្ឋកិច្ច ប្រកប​ដោយសក្តា​នុពល​តាមរយៈ​ការពង្រីក​ និងពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​ក្នុងស្រុក​សម្រាប់​ការនាំចេញ និងការ​ចូលរួម​តភ្ជាប់​សេដ្ឋកិច្ច​ទៅនឹង​ខ្សែច្រវ៉ាក់​តម្លៃ​តំបន់ ​និងសកល ​ដោយឈរ​លើកត្តា​ឧត្តមភាព ​ប្រកួតប្រជែង»៕