ធនាគារអភិវឌ្ឍន៍អាស៊ី​ ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងហក់ឡើងក្នុងឆ្នាំ២០២២​ និង២០២៣  

ភ្នំពេញ ៖សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករ​ថានឹងកើនឡើង​៥,៣% នៅឆ្នាំ២០២២និង៦,៥% នៅឆ្នាំ​២០២៣​ដោយសារកំណើននៃការនាំចេញទំនិញនិង​លំហូរ​វិនិយោគផ្ទាល់ពី​បរទេស។នេះបើយោង​តាម​របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចេញផ្សាយនៅថ្ងៃនេះ។

នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ADB លោក​ Anthony Gillបានមានប្រសាសន៍ថា​ “កំណើនសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ៣,0% ក្នុងឆ្នាំ២០២១បន្ទាប់ពីបានធ្លាក់ចុះ៣,១% ក្នុងឆ្នាំ២០២០។រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា​ ដើម្បីកាត់បន្ថយផលប៉ះពាល់​អវិជ្ជមាន​នៃកូវីដ១៩មកលើអាជីវកម្មនិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជាបើក​ព្រំដែន​របស់ខ្លួន​ឡើងវិញសម្រាប់ពាណិជ្ជកម្មនិង​ទេសចរណ៍​ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើន​សេដ្ឋកិច្ច​​សម្រាប់​ឆ្នាំនេះនិងឆ្នាំ២០២៣”។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ផលិតកម្មឧស្សាហកម្ម​ត្រូវ​បាន​រំពឹងថានឹងកើនឡើង៨,១% នៅឆ្នាំ២០២២និង៩,១% ក្នុងឆ្នាំ២០២៣។កំណើននេះក៏នឹង​ត្រូវបានជំរុញ​ដោយការអនុវត្ត​ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូបដែលមាន​គោលបំណង​បង្កើន​ការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។

ការនាំចេញទំនិញនិងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ២០២២និង២០២៣ដោយ​សារ​កំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជាព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត៤,៨% នៅឆ្នាំនេះនិង​ កើនដល់​៦,៨% ក្នុងឆ្នាំ២០២៣។ការបើកសេដ្ឋកិច្ចឡើងវិញនិងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹង​កូវីដ១៩នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ​ នៃវិស័យទេសចរណ៍ដែលនឹងជួយគាំទ្រតម្រូវការ​នៃកន្លែង​ស្នាក់នៅម្ហូបអាហារការដឹកជញ្ជូននិងសេវាកម្មផ្ទាល់ផ្សេងទៀត។

របាយការណ៍នេះអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដើម្បីជំរុញកំណើនប្រកប​ដោយ​​​ចីរភាព។លោក Anthony Gill បានមានប្រសាសន៍ថា “ការបង្កើនពាណិជ្ជកម្មនិងទេសចរណ៍តែ​មួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិតនិងការនាំចេញសម្លៀកបំពាក់ទំនិញធ្វើដំណើរនិងស្បែកជើងអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាលដូចជាកង់គ្រឿងបន្លាស់អេឡិចត្រូនិចនិងផលិតផលខ្សែភ្លើងជាដើម។ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក”។

បច្ចុប្បន្ន ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន២,៣ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា។សម្រាប់ឆ្នាំ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចីនិងជំនួយឥតសំណងចំនួន៣២៧,១លានដុល្លារហើយ​បានកៀគរថវិកា​បន្ថែមចំនួន៥លានដុល្លារតាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ថវិការបស់ ADB ដែល​ត្រៀម​សម្រាប់កម្ពុជាក្នុងឆ្នាំ២០២២-២០២៥រួមមានកម្ចីសម្បទានចំនួន១,៤៤ពាន់លានដុល្លារ​និងជំនួយ​ឥតសំណងចំនួន៣៧លានដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។