នាំ​ចេញ​ស្បែក​ជើង​​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​​​ឆ្នាំ​២០២១ កើន​ជាង​ ២០​ភាគ​រយ​

 

ភ្នំពេញៈ កម្ពុជា ទទួល​បាន​ប្រាក់​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ​ពី​​នាំ​ចេញ​ស្បែក​ជើង​​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​​​ឆ្នាំ​២០២១ កើន​ជាង​ ២០​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ខណៈ​​​ក្នុង​ឆ្នាំ​២០២២ នេះ​កំណើន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​សម្ទុះ​ខ្ពស់​ជាង​ឆ្នាំ​២០២១​ បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម លោក លី​ ឃុនថៃ​ ប្រធានសមាគម​ស្បែកជើង​កម្ពុជា​​។

លោក លី​ ឃុនថៃ​ បាន​ឱ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​២០២១ កន្លង​មក​ការ​នាំ​ចេញ​ផលិត​ផល​ស្បែក​ជើង​ផលិត​នៅ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ មាន​ទឹក​ប្រាក់​សរុប ១,៣​ពាន់​លាន​ដុល្លារ កើន​ឡើង​ ២០,៤​​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែល​មាន​ចំនួនប្រមាណ ១,០៨​ពាន់​លាន​ដុល្លារ​។ កំណើន​នេះ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ភាព​ធូរ​ស្បើយ​នៃ​ក្តី​បារម្ភ​​ការ​ឆ្លងរាល​ដាល​​​ជំងឺ​កូវីដ​១៩, កំណើន​នៃ​អត្រា​ចំនួន​ប្រជាជន​​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩, ការ​បើក​ដំណើរ​ការ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ជា​ច្រើន​​​លើ​ពិភព​លោក, កំណើន​នៃ​ប្រាក់​ចំណូល​របស់​បុគ្គល និង​គ្រួសារ, និង​ការ​កម្រើក​ឡើង​វិញ​ដោយ​សន្សឹមៗ​នៃ​វិស័យ​ទេសចរណ៍​។​ លោក​បន្ថែម​ថា ជា​មួយ​នឹង​ចំណុច​ទាំង​អស់​ខាង​លើ ការ​នាំ​ចេញស្បែក​ជើង​​ក្នុង​ឆ្នាំ​២០២២ នេះ​រំពឹង​ថា នឹងមាន​កំណើន​លើស​ឆ្នាំ​២០២១។​

លោក​លើក​ឡើង​ទៀត​ថា ភាព​វិជ្ជមាន​នេះ ក៏​ដោយ​សារ​តែ​កម្ពុជា​ទទួល​បាន​ការ​ផ្គត់​ផ្គង់​វត្ថុ​ធាត​ដើមគ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា​ផង​ដែរ ពិសេស​មក​​ពី​ប្រទេស​ចិន។​

នៅ​ក្នុង​ជំនួប​ជា​មួយ​សមាគម​ស្បែក​ជើង​កម្ពុជា និង​សមាគម​ផលិត​ផលធ្វើ​ដំណើរ​ និង​កាបូប​ កាល​ពី​សប្តាហ៍​មុន លោក ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានលើក​ឡើង​ថា ​ទោះ​បី​ក្នុង​រយៈ​ពេល​ជាង ២​ឆ្នាំ​កន្លង​មក​ពិភពលោក​បាន​ជួប​នឹង​វិបត្តិ​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ក៏​ការ​នាំ​ចេញ​ផលិត​ផល​ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូប​កម្ពុជា​ នៅ​តែ​អាច​រក្សា​បាន​នូវ​សញ្ញា​វិជ្ជ​មាន​ និង​អាច​​ទាក់​ទាញ​បាន​ការ​ចូល​មក​បណ្តាក់​ទុន​ជា​បន្ត​បន្ទាប់​។ ភាព​វិជ្ជមាន​ទាំង​​នេះ​​បាន​មក​ពី​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា ស្ថិរភាព​នយោ​បាយ​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ប្រព័ន្ធ​ច្បាប់​វិនិយោគ​មាន​តម្លា​ភាព​ និង​ការ​លើក​ទឹក​ចិត្ត​ ជា​ពិសេស​គឺ​ភាព​អនុ​គ្រោះ​ពាណិជ្ជ​កម្ម​។ លោក​បន្ត​ថា ភាព​រីក​ចម្រើន​ទាំង​នេះ​បាន​នឹង​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ និង​បង្កើត​ការងារ​ផង​ដែរ​។

បន្ថែម​ពី​លើ​នេះ ចម​ ប្រសិទ្ធ ក៏​បាន​លើក​ឡើង​ដែរ​ថា៖​«​អ្វី​ដែល​ខ្ញុំ​ចង់​រំលឹក គឺ​សមាគម​រោងចក្រ​ទាំង​អស់​ត្រូវ​តែ​បង្កើន​កា​រ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅក​ម្ពុជា​(BFC) របស់​អង្គការ​ ILO ព្រោះ​ជា​កម្មវិធី​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ខ្ញុំ​ផ្ទាល់​តាំង​ពី​ឆ្នាំ​១៩៩៨​ គឺ​សម្រាប់​ការ​កែលំអរ​ស្ថាន​ភាព​ការងារ​នៅ​កម្ពុជា​ និង​គោរព​សិទ្ធិ​កម្មករ​ ដែល​មាន​ទស្សន​:វិស័យ​វែង​ឆ្ងាយ​ទៅ​មុខ​សម្រាប់​កេរ្តិ៍​ឈ្មោះ​ និង​អនាគត​ក្នុង​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា​សម្រាប់​ទាញ​ទំនុក​ចិត្ត​ពី​អ្នក​បញ្ជា​ទិញ។ រោងចក្រ​នីមួយៗ​ត្រូវ​ចាត់​ទុក​កម្ម​វិធី​នេះ​ ជា​ទុន​ខ្លួន​ឯង​ និង​ជា​ចំណុច​សំខាន់​សម្រាប់​ការងារ​ទីផ្សារ​របស់​ខ្លួន​»។

យោង​តាមលោក ឃុនថៃ ស្បែក​ជើង​ផលិត​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​យីយោល្បីៗ​ដំដាប់​អន្តរ​ជាតិ​ជា​ច្រើន​ដូច​ជា Adidas, Timberland, និង Clarks ជា​ដើម​៕