កម្ពុជា​បានចំណាយប្រាក់​ជាង ៨៤​លាន​ដុល្លារ​អា​មេ​រិ​ក​នាំ​ចូល​ដែក និង​ដែកថែបនៅត្រីមាសទី១ឆ្នាំនេះ

ភ្នំពេញៈ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​នាំ​ចូល​ដែក និង​ដែកថែប​(Iron & Steel) ក្នុង​តម្លៃ​ទឹកប្រាក់​ជាង ៨៤​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​ជាង ៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១​។

នេះ​បើ​យោង​តាម​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​ចូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​នាំ​ចូល​ដែក និង​ដែកថែប ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២២ មាន​តម្លៃ​សរុប ៨៤,០៨​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៣,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ដែល​មាន​ទឹកប្រាក់​ចំនួន ៨១,២៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក​សម្រាប់​ខែមីនា ឆ្នាំ​២០២២ ទឹកប្រាក់​នៃ​ការ​នាំ​ចូល​ដែក និង​ដែកថែប មាន​ចំនួន ២៦,២៩​លាន​ដុល្លារ ធ្លាក់​ចុះ ១២,១​ភាគរយ​ពី​ចំនួន ២៩,៩​លាន​ដុល្លារ បើ​ធៀប​នឹង​ខែមីនា ឆ្នាំ​២០២១​។

កាលពី​ខែ​ដើមខែ​ធ្នូ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុង​ឌី​សេង (​ខេ​ម​បូ​ឌា​) ស្ទីល ឯ​.​ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧ លាន​ដុល្លារ​បើក​ដំណើរការ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​អាច​មាន​សមត្ថភាព​ផលិត​បាន ៥០០ ០០០ តោន ក្នុង​ដំណាក់កាល​ដំបូង​។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូ​ទាំង​ប្រទេស​ចំនួន ៤ ៣០៣ គម្រោង ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវ​បាន​អនុម័ត​។ ចំនួន​ទុន​វិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ ២០២០ គឺ​ថយ​ចុះ ៣១,២១ ភាគរយ​៕