​ប្រព័ន្ធឌីជីថល ​របស់​ធនាគារ​អេស៊ីលីដា​បានកំពុងកើន​ដល់​ប្រមាណ ៩៤ ភាគរយនៃប្រតិបត្តិការសរុប

ភ្នំពេញៈ ធនាគារ​អាស៊ី​លី​ដា កំពុង​ដាក់​ចេញ​ផែនការ​ជំរុញ​អតិថិជន​របស់​ខ្លួន​ឱ្យធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​ច្រើន​បន្ថែម​ទៀត ខណៈ​កាលពី​ឆ្នាំ​២០២១ កន្លង​មក​ចំនួន​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ខ្លួន​កើន​ដល់​ប្រមាណ ៩៤​ភាគរយ​។ នេះ​បើ​តាម លោក អ៊ិ​ន ចាន់​នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្នុងអំឡុងពេល​កិច្ចប្រជុំ​នាយក​-​នាយិកា​សាខា នៅ​ទីរួមខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ លោក ចាន់​នី បានឱ្យ​ដឹង​ថា វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ពេញ​និយម ដោយ​ក្នុង​នោះ​ចំនួន​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល បាន​កើន​ឡើងជា​លំដាប់​។ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​កាលពី​ឆ្នាំ​២០២០-២០២១ (​ការ​បិទ​ខ្ទប់ និង​ក្តី​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩) កំណើន​អតិថិជន​ដែល​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​ហក់​ឡើង​យ៉ាង​លឿន​។ លោក​បន្ត​ថា ជាក់ស្តែង​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២២ ចំនួន​អ្នក​ដែល​មាន​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​អេ​ស៊ី​លី​ដា មាន​ចំនួន​ជាង ២,៣​លាន ក្នុង​នោះ​ចំនួន​ដែល​ប្រើប្រាស់​សកម្ម គឺ​មាន​ជា​មធ្យម​ជាង ១​លាន​ប្រតិបត្តិការ​ក្នុង ១​ថ្ងៃ​ៗ​។

លោក​ថ្លែង​ថា​៖«​កាលពី​ខែមករា កន្លង​មក​ខ្ញុំ​ធ្លាប់​និយាយ​ថា ចំនួន​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេ​ស៊ី​លី​ដា តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល គឺ​មាន​ប្រមាណ ៩៤​ភាគរយ​។ ក្នុង​ឆ្នាំ​២០២២ នេះ​យើង​កំពុង​ជំរុញ​ចំនួន​នេះ​ឱ្យ​កើន​ដល់​ប្រហែល ៩៧​ភាគរយ​នៃ​ប្រតិបត្តិការ​ទាំងអស់​»​។

លោក​បញ្ជាក់​ថា​៖«​ធនាគារ​អេ​ស៊ី​លី​ដា ពិតជា​ចង់ឱ្យ​អតិថិជន​ទាំង​ជាង ៣​លាន​នាក់​របស់​ខ្លួន​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទាំងអស់​(​ប្រើប្រាស់ App) ដែល​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ៧០​ម៉ឹ​ន​នាក់​ទៀត​ប៉ុណ្ណោះ​មិន​ទាន់​ប្រើប្រាស់​»​។

លោក​លើក​ឡើង​ទៀត​ថា នៅ​ពេល​ដែល​ការ​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​ច្រើន ការ​ប្រើប្រាស់​ធនធាន​មុ​ស្ស​ក៏​អាច​នឹង​មិន​កើនឡើង​ទៀត​ផង​ដែរ​។

ទាក់ទង​នឹង​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២២ នេះ លោក អ៊ិ​ន ចាន់​នី បាន​ប្រាប់​ថា ធនាគារ​អេ​ស៊ី​លី​ដា បាន​បង្ហាញ​ពី​សញ្ញា​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្នុង​រយៈពេល​ជិត ៤​ខែ​មកនេះ ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​កើនឡើង​ជិត​ទៅ ៨​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ចំណែក​ប្រាក់​បញ្ញើ​សន្សំ ក៏​កើនឡើង​ប្រហាក់ប្រហែល​នឹង​គ្នា​នេះ​ដែរ​៕