ធនាគារ អេ​ស៊ី​លី​ដា ទទួល​បានវិញ្ញាបនបត្រ​ «​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ»

ភ្នំពេញ​៖ ធនាគារ អេ​ស៊ី​លី​ដា ទទួល​បាន​វិញ្ញាបនបត្រ ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ ដំបូង​គេ​នៅ​កម្ពុជា​(Custodian)​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។

ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ (Custodian) បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​កា​រត​ភ្ជាប់ និង​បង្កើន​លំហូរ​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​ធំ​៣​រួ​មាន គណនី​រក្សា​សុវត្ថិភាព​សាច់ប្រាក់ (Cash Custody), គណនី​រក្សា​សុវត្ថិភាព​មូល​ប​ត្រ (Security Custody) និង​ផ្តល់​សេវា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​(Custodian Agent)​។

នៅ​ក្នុង​ពី​ធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព ក្នុង​វិស័យ​មូល​ប​ត្រ ពី​និយ័ត​ករ​មូល​ប​ត្រេក​ម្ពុ​ជា កាលពី​ថ្ងៃ​ទី ១២ ខែឧសភា ឆ្នាំ​២០២២ លោក អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ថ្លែង​ថា ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​រឿង​ថ្មី​សម្រាប់​ប្រទេស​កម​ម្ពុ​ជា ដូចនេះ​អេ​ស៊ី​លី​ដា​នឹង​ផ្សព្វផ្សាយ​ផ្តល់​ព័ត៌មាន​ដល់​វិនិយោគ​ក្នុងស្រុក និង វិនិយោគិន​ក្រៅប្រទេស រួម​ទាំង​ការ​បង្កើត​បណ្តាញ​នៅ​ក្រៅប្រទេស ដោយ​ធ្វើ​យ៉ាងណា ឱ្យ​វិនិយោគិន​សាធារណៈ​អន្តរជាតិ បានដឹង​លឺ​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំងនោះ​។

លោក​បាន​បញ្ជាក់​ថា​៖« ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​សេវាកម្ម​ថ្មី​មួយ​របស់​អេ​ស៊ី​លី​ដា ក្នុង​ការ​បម្រើ​សេវាកម្ម​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ ជូន​វិនិយោគិន​និង​សាធារណជន​។​មុខងា​ចំបង​ៗ​នេះ សេវាកម្ម​នេះ​រួម​មាន គណនី​រក្សា​សុវត្ថិភាព​សាច់ប្រាក់​, គណនី​រក្សា​សុវត្ថិភាព​មូល​ប​ត្រ និង​សេវា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​។​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា Custodian​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន ជា​ពិសេស​វិនិយោគិន​បរទេស ឱ្យមក​វិ​និ​យោក​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា ព្រោះថា​ការ​វិនិយោគ​មូល​ប​ត្រ​នៅ​បរទេស​របស់​ក្រុមហ៊ុន បរទេស ចាំបាច់​ត្រូវធ្វើ​ឡើង​តាម​រយៈ Custodian​។ Custodian នឹង​ជំរុញ​ឱ្យ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា កាន់តែ​សកម្ម​»​។

លោក ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា បានឱ្យ​ដឹង​ថា លក្ខខណ្ឌ​ចាំបាច់​មួយ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ នោះ​គឺ អ្នក​ដែល​ស្នើ​សុំ​ត្រូវ​តែ​ជា​ធនាគារ បើសិនជា​អ្នក​ស្នើ​សុំ​ជា​ក្រុមហ៊ុន​ធម្មតា និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​មិន​ទទួលស្គាល់​ការ​ស្នើ​សុំ​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​ជា​ធនាគារ មាន​ន័យ​ថា អ្នក​ស្នើ​សុំ​នោះ មាន​ដើមទុន ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ លក្ខខណ្ឌ​បន្ថែម​នេះ គឺ​ងាយ​ៗ រួម​មានការ​បំពេញបែបបទ អ្នក​ទទួលខុសត្រូវ​មួយ​រូប​ដែល​មានការ​ទទួលស្គាល់​ពី​យ័​តករ​មូល​ប​ត្រ​កម្ពុជា មាន​ទីតាំង​ច្បាស់លាស់ មាន​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​មានការ​ត​ភ្ជាប់​ជាមួយ​ផ្សា​រមូល​ប​ត្រ និង​លក្ខខណ្ឌ​បន្ទាប់បន្សំ​ផ្សេង​ៗ​ទៀត​។

លោក​បាន​បញ្ជាក់​ថា​៖« យើង​ពិតជា​អរគុណ​ដល់​អេ​ស៊ី​លី​ដា ដែល​គាត់​ស្ម័គ្រ​ធ្វើ​ការងារ​នេះ ទោះបីជា​មិន​ទាន់​ផ្សារ​ក៏​ដោយ​។​យើង​ទុកចិត្ត​ទាំងស្រុង តាម​រយៈ​ការ​ផ្តល់​ការ​អនុញ្ញាត​ជូន​ធនាគារ​អេ​ស៊ី​លី​ដា​ធ្វើ​ជា​Custodian នា​ពេល​នេះ នឹង​ជំរុញ​ឱ្យ​មាន​ភាព​ទាក់ទាញ​វិនិយោគិន​ធំ​ៗ ដែល​គាត់​ចាប់អារម្មណ៍ ឬ​ក៏​ចង់​សាកល្បង​ធ្វើ​ពិពិធ​កម្ម​នៃ​ការ​វោ​និ​យោគ​មួយ​ចំណែក​មក​កម្ពុជា​។​យើង​ឃើញ​ថា វិនិយោគិន​ជប៉ុន​ភាគច្រើន គឺ​ត្រូវការ​Custodian​នេះ​»​។

អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា លោក ហុង សុ​ហួរ បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ក្នុង​នាម​ជា ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ គឺ​ស្រប​ពេល​ដែល​ផ្សា​រមូល​ប​ត្រ​កម្ពុជា ចាប់ផ្តើម​មានការ​រីក​ចំរើន​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តាម​រយៈ​ការ​កើនឡើង​នូវ​វិនិយោគិន និង​ទំហំ​ជួញដូរ​។

លោក​បាន​បញ្ជាក់​ថា​៖« យើង​រំពឹង​ថា ចំពោះ​ការ​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ធនាគារ​អេ​ស៊ី​លី​ដា នា​ពេល​នេះ នឹង​មាន​វិនិយោគិន​ថ្មី​ៗ បន្ថែម​ទៀត ជា​ពិសេស​វិនិយោគិន​ជា​ស្ថាប័ន ដែល​ទាមទារ​ឱ្យ​មាន​Custodian agent ។ ជា​ការ​ពិត​ណាស់ ទីផ្សារ​របស់​យើង ត្រូវការ​មាន​ប្រភព​វិនិយោគិន​រឹង​មាំ ដែល​ទាក់ទាញ​ទាំង​ក្រុមហ៊ុន និង​វិនិយោគិន​មក​បន្ថែម ដើម្បី​មក​លក់​ភាគហ៊ុន និង​ចុះបញ្ជី ឬ​វិនិយោគ នៅ​ក្នុង​ទីផ្សារ បាន​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​»​។

បើ​តាម​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រូប​នេះ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទំហំ​ជួញដូរ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កាន់តែ​មមាញឹក​ដោយនៅ​ក្នុង​ឆ្នាំ​២០២១ មាន​ប្រមាណ​២៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។​ហើយ​នៅ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២២​នេះ ដោយសារ​តែ​មានការ​ជួញដូរ​ធំ​មួយ​ចំនួន ផ្សា​រមូល​ប​ត្រ​បាន​សម្រេចការ​ជួញដូរ​ប្រមាណ​១​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។​ក្នុង​រយៈពេល​៧​ឆ្នាំ​ខាង​មុខ​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រំពឹង​ថា ទំហំ​ជួញដូរ នឹង​កើន​ដល់​៥០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​៕