រថយន្តអគ្គិសនីកំពុងមានកំណើនយ៉ាងឆាប់រហ័សនៅកម្ពុជា

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន បានអំពាវនាវឲ្យប្រជាជនកម្ពុជា ត្រៀមខ្លួនងាកមកប្រើ​រថយន្តអគ្គិសនី (EV) ជំនួសរថយន្តដែលប្រើចំហេះឥន្ធន: ដែលមានការចំណាយខ្ពស់។

ការអំពាវនាវរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជួន បានធ្វើឡើង​ក្នងកម្ម​វិធីផ្សាយផ្ទាល់(LIVE) ក្រោមប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា”  នៅថ្ងៃទី២៧​ខែឧសភាឆ្នំា២០២២។

លោក ស៊ុន ចាន់ថុល បានអះអាងថា ក្រសួងសាធារណការ និងដឹកជញ្ចូន កំពុងសិក្សាស្តង់ដារថយន្តអគ្គិសនី​សម្រាម់ការប្រើប្រាស់នៅកម្ពុជា និង បានសហការជាមួយវិស័យឯកជន គឺក្រុមហ៊ុនប្រេងឥន្ធន:នៅកម្ពុជា ក្នុងការដំឡើងស្ថានីយ៍សាកអាគុយឲ្យបានច្រើនកន្លែង ដើម្បីផ្តល់សេវាថាមពល។

លោក រដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារកន្លងមក ការប្រើរថយន្តអគ្គិសនីចំណេញ៣ដង លើការចណាយថ្លៃសាំង ដោយមិនទាន់រាប់បញ្ចូលរថយន្តអគ្គិសនីមានគ្រឿងបន្លាស់តិចត្រឹមប្រហែល២០មុខ ខណ:រថយន្តប្រើសាំងមានគ្រឿងបន្លាស់ប្រមាណ២០០០មុខ ដែលទាមទារការចំណាយខ្ពស់លើការថែទាំ។

លើសពីនេះ ពន្ធនិងអាករនាំចូលរថយន្តEVs ត្រូវបានអនុគ្រោះនៅត្រឹមតែ៦៣ភាគរយ ខណ:រថយន្តប្រើសាំង ជាប់ពន្ធអាករជាមធ្យម ១២០ភាគរយឯណោះ។

បច្ចុប្បន្ននេះ ក្រសួងសាធារណការនិងដឹកជញ្ជួន បានសហការជាមួយដៃគូអភិវឌ្ឍ មាន UNDP ក្នុងការដំឡើងស្ថានីយ៍សាកអាគុយរថយន្ត នៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប៕