ភ្នំពេញ៖ ការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៣៤,៥% ដែលមានតម្លៃទឹកប្រាក់ ៤១៥,៥ ពាន់ពាន់លានរៀល នៅក្នុងឆ្នាំ២០២១ ខណៈដែលចំនួនគណនី E-Wallet បានកើនឡើងដល់ ១៣,៦ លានគណនី ដែលស្មើនឹងជាង ៨០% នៃចំនួនប្រជាជនសរុប បើធៀននឹងឆ្នាំ ២០២១ ។ នេះបើតាមរបាយការណ៍ ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២។
នៅក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ បានបង្ហាញថា ប្រព័ន្ធទូទាត់ និងការទូទាត់របស់កម្ពុជាមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការប្រើប្រាស់ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិកបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត។ ចំណែកដ៏ធំនៃយុវជនក្នុងចំនួនប្រជាជន ទូរស័ព្ទចល័តខ្ពស់ និងការជ្រៀតចូលអ៊ីនធឺណិត និងក្របខ័ណ្ឌបទប្បញ្ញត្តិគាំទ្របានលើកទឹកចិត្តដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុដើម្បីណែនាំសេវាកម្មទូទាត់ឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាមួយភ្នាក់ងារជាច្រើនទូទាំងប្រទេស ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុផងដែរ។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងថា ចំណុចដែលគួរឱ្យកត់សម្គាល់ចុងក្រោយ ដូចដែលមានរៀបរាប់នៅក្នុងជំពូកថ្មីស្តីពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ(របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១) គឺប្រព័ន្ធទូទាត់ឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សព្រមទាំងបានជួយសម្រួលដល់លំហូរប្រតិបត្តិការជួញដូរទំនិញនិងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់ដែលបណ្តាលមកពីការរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
លោកស្រីបានបញ្ជាក់ថា៖«ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀលនិងដុល្លារអាមេរិកបានកើនឡើង ៣៤,៥% ស្មើនឹង ៣,៨ ដងនៃផ.ស.ស. ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក (E-Wallet) បានកើនឡើងដល់ ១៣,៦ លានគណនី ដែលស្មើនឹងជាង ៨០% នៃចំនួនប្រជាជនសរុប»៕