ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២0 ខែមិថុនា បានចេញសេចក្តីជូនដំណឹងផលិតករ ឬអ្នកនាំចេញទាំងអស់នៅកម្ពុជា ទាក់ទងនឹងការនាំចូលសត្វរស់និងផលិតផលធ្វើពីសត្វ ក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ នៃសាធារណរដ្ឋតួកគី បានចេញនូវបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី ដោយអនុលោមតាមអនុសាសន៍របស់អង្គការពិភពលោកខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាព ដើម្បីឱ្យអ្នកនាំចេញអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមលក្ខខណ្ឌដែលគេបានតម្រូវ។
ទំនិញដែលសត្វរស់និងផលិតផលធ្វើពីសត្វ ដែលតួគី បានរឹតបន្តឹងរួមមាន គ្រីម ទឹកដោះគោ សាច់សត្វបង្កក ផលិតផលធ្វើពីស្បែកសត្វ គ្រឿងក្នុងសត្វ ឈាមសត្វ ក្រចកសត្វ សត្វព្រៃ ជាដើម ព្រោះថា ទំនិញទាំងអម្បាលមាណនេះ គឺមានទាក់ទងនឹងជំងឺ Foot-and-mouth disease។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសតួគី សម្រេចបានជាង៤លានដុល្លារ កើនឡើងជិត៧០ភាគរយ ខណៈដែលកម្ពុជានាំចូលពីតួគីមកវិញ មានតម្លៃទឹកប្រាក់ជាង១លានដុល្លារ ថយចុះជាង១៤ភាគរយ៕