បណ្តាប្រទេសនានាលើពិភពលោកត្រូវលើកកម្ពស់​ការ​បើកចំហរ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​​​ប្រកបដោយ​ចីរភាព

ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​មានការ​លើកកម្ពស់​ការ​បើកចំហរ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​នានា​លើ​ទំនិញ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​។

លោកនាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍ «BRICS Plus» ដែល​រៀបចំ​នៅ​ក្រុង​ប៉េ​កាំ​ង តាម​ប្រព័ន្ធ​អន​ទ្បា​ញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០២២​នេះ ជា​កិច្ច​សន្ទនា​ជាន់ខ្ពស់​នៃ​ថ្នាក់ដឹកនាំ​ប្រ៊ី​ក​បូក (BRICS Plus) ស្ដី​ពី​ការ​អភិវឌ្ឍ​សកល ក្រោម​មូលបទ «​លើកកម្ពស់​ភាព​ជា​ដៃគូ​អភិវឌ្ឍ​សកល សម្រាប់​យុគ្គសម័យ​ថ្មី ដើម្បី​រួម​គ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព » ។

លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ស្ថិត​នៅ​ក្នុង​បរិការណ៍​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ស្រាកស្រាន្ត និង​ការ​ខិតខំ​ស្តារ​សេដ្ឋកិច្ច​សកលលោក​ជា​អាទិភាព​ចំពោះ​មុខ​, ប្រ៊ី​ក​(BRICS) ដែល​ជា​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង ប្រកបដោយ​សក្តានុពល មាន​តួនាទី​កាន់តែ​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង និង​ពង្រីក​ចលនា​ការ​នៃ​សកម្មភាព​សេដ្ឋកិច្ច​សកលលោក​ឱ្យ​ត្រលប់​ទៅ​រក​កំណើន​នៃ​សក្តានុពល ដើម្បី​ព​ន្លឿ​ន​នៅ​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

លោក​បាន​បន្ត​ថា កិច្ច​សហប្រតិបត្តិការ ប្រ៊ី​ក បូក (BRICS Plus) ជា​កាលានុវត្តភាព​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ ក្នុង​ការ​បង្កើត​វេទិកា​សម្រាប់​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យ​អាទិភាព​សំខាន់​ៗ ដើម្បី​បង្កើត​ឱកាស​ការងារ កាត់​បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​ការ​ធានា​សន្តិសុខ​ស្បៀង និង​ថាមពល​ជាដើម​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖« យើង​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហរ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ព​ហ​ហុ​ភាគី និង​ពង្រឹង​ពហុភាគី​និយម ជា​ពិសេស​លើ​ការ​កម្ពស់​ការ​បើកចំហរ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​នានា​លើ​ទំនិញ​យុទ្ធសាស្ត្រ ដូច​ជា​ស្បៀងអាហារ ថ្នាំពេទ្យ និង​ថាមពល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​»​។

លោក​ក៏​បាន​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​ពង្រឹងសមត្ថភាព និង​ព​ន្លឿ​ន ការ​ធ្វើ​បដិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​ជា​ប្រភព​កំណើន​ថ្មី ជា​ពិសេស​ជួយ​ប្រទេស​ដែល​មាន​កម្រិត​អភិវឌ្ឍន៍​ទាប ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​៕