នៅរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅនឹងត្រូវកែលម្អរសោភ័ណ្ឌភាពឡើងវិញដើម្បីផ្តល់សេវា និងភាពទាក់ទាញភ្ញៀវទេសចរ

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រីបាន ស្រីមុំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ អមដំណើរដោយ ក្រុមការងារបាន ពិនិត្យ​មើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរម្មណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែររួចរាល់ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្តល់សេវា និងភាពទាក់ទាញ សម្រាប់ ភ្ញៀវ ទេសចរណ៍ជាតិ+អន្តរជាតិ មកកំសាន្ត អោយបានកាន់តែច្រើន ដែលជាកត្តាជួយ ជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ។

បើយោងតាមព័ត៌មានពីមន្ទីរព័ត៌មានខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺបានខិតខំ​ប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាង​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យមាន​ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍ តំបន់ រម្មណីយដ្ឋាន ទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរ ជាតិ មកកំសាន្ត ក្នុង ខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកស្រីអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកស្រី បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីជំនាញ រួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។

ឱកាសនោះផងដែរ លោកស្រីបាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។

រម្មណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកំសាន្ត ៕