សេដ្ឋកិច្ចកម្ពុជាកំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

ភ្នំពេញ ៖សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ យោង​តាម​ការព្យាករ​ចុងក្រោយរបស់ធនាគារពិភពលោក។ របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណង​ជើងWeathering the Oil Price Shockដែលចេញផ្សាយដោយធនាគារ​ពិភពលោក​ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិង​ការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពី​ការធ្លាក់ចុះ​ក្នុង​សម័យ​មានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា​ដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

របាយការណ៍នេះបង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារអាមេរិក គឺកើន ២៦ភាគរយ​ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំ​ណើន មានផ្នែក​កាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិង​ស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្ម​ផលិតថ្មីៗ ដូចជា​ផ្នែក​ផលិតបរិក្ខារអគ្គិសនី និង​គ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញ​ទៅសហរដ្ឋអាមរិក​ក៏កំពុងតែស្ទុះឡើងវិញដែរ។

ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែ​ការស្រុត​ចុះនូវ​តម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជា​ត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។

ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់​ត្រូវបន្តធ្វើការ​ចំណាយ​ទៅ​លើ​កម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។”លោកស្រីពោលបន្ថែមទៀតថា៖“ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀង​អាហារ​លើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកថែមទៀត​ទៅលើជន​ក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រ​ថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់​ក្នុងការ​ជួយគ្រួសារក្រីក្រក្នុងការឆ្លងកាត់​ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត។”

នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារ​អំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិ​យោគ និងការធ្វើពាណិជ្ជកម្ម ផង។ របាយការណ៍នេះផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់​សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។

អនុសាសន៍រួមមាន ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្ត​របស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈ​កិច្ចសម្រួល​ពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។

ក្នុងរបាយការណ៍នេះក៏មានការវិភាគជាពិសេស លើភាពរអាក់រអួលនៅក្នុងខ្សែច្រ​វាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ-១៩។ ផ្នែកពិសេសនេះ បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូហ្ស៊ីស្ទិក(Logistics)។ វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើន​សមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម​របស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រមជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទៅហួស​ពីតម្រូវការឲ្យ​មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទៅទៀត។

ចាំបាច់ត្រូវមានកិច្ចខិតខំបន្តទៀតក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានមើល​​ប្រសិទ្ធភាព​របស់ច្រកទ្វារ​និងផ្លូវធ្វើពាណិជ្ជកម្មសំខាន់ៗ, ពង្រីក​ “កម្មវិធីពាណិជ្ជករឆ្នើម”(“Best Trader scheme”)ឲ្យបាន​ទូលំទូលាយ​ទៅក្នុងផ្នែក​ឡូហ្ស៊ីស្ទិក, រៀបចំផែនការធុរកិច្ច​រយៈពេលវែងមួយសម្រាប់គមនាគមន៍ផ្លូវដែក, និង​ការបង្កើត​កម្មវិធី “ឃ្លាំមើលតាមផ្លូវ”(“ROADWATCH”)ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និង​ពលរដ្ឋ​រាយការណ៍​អំពីសកម្ម​ភាព​មិនប្រក្រតីនានា។ ការធ្វើកំណែទម្រង់ទាំងនេះ​ចាំបាច់ត្រូវមានអភិក្រមបែបស្ថាប័ន និង​ភ្នាក់ងារ​នាំមុខ​មួយរបស់រដ្ឋាភិបាលសម្រាប់ពិនិត្យមើលទូទៅពី​លើ​ការ​អភិវឌ្ឍ​នៃផ្នែកឡូហ្ស៊ីស្ទិក នៅកម្រិតថ្នាក់ជាតិ និង​នៅតាម​ច្រកទ្វារពាណិជ្ជកម្ម៕