កម្ពុជាពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់

ភ្នំពេញ៖​ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជួបជាមួយគណៈ​ប្រតិភូ​ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong ប្រធានគ្រប់គ្រង​ទូទៅប្រចាំ​ប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារអំពីគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារ​កម្មទន្លេបាសាក់។

ការពិភាក្សានោះត្រូវបានរៀបចំឡើងកាលថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួង និងការចូលរួម​តាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារនៃក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ពីទីក្រុងប៉េកាំងផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម​ទន្លេ​បាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយ​លើការដឹក​ជញ្ជូន​និងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាមុន ព្រមទាំងងាយស្រួលធ្វើសមាហរណ​កម្មផ្ទៃក្នុងក្នុង​វិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

លោកបានលើកឡើងថា៖ ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះចាំបាច់ត្រូវតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដាក់ជូនទៅគណ:កម្មាធិការអន្តរក្រសួងពិភាក្សាមុននឹងរាយការណ៍ជូនដើម្បីរាជរដ្ឋាភិបាលកម្ពុជាពិនិត្យពិចារណា។ ការសិក្សាខ្នាតអន្តរជាតិនេះត្រូវធ្វើឡើងដើម្បីស្វែងរកដែគូវិនិយោគពីដៃគូអភិវឌ្ឍន៍ និងពីក្រុមហ៊ុននានា និងបានបន្ថែមថា៖ គម្រោងនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ»។

លោកក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនសារជីវកម្មស្ពាន​ថ្នល់ចិន(CRBC) និងក្រុហ៊ុនCCCC Water Transportation Consultants Co., Ltdដែលបានជួយ​ជ្រោមជ្រែងដល់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដើម្បីធានាឱ្យគម្រោងនេះអាចដំណើរការទៅដោយរលូន និងជោគជ័យ៕