កម្ពុជាបើកដាក់ឱ្យដំណើការទីកន្លែងផ្តល់ព័ត៌មានអំពី​វិនិយោគ​ក​សិ​-​ចំណីអាហារនៅCDC  

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​ក្រសួងកសិកម្ម និង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ដែល​គាំទ្រ​ដោយ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី នា​ថ្ងៃទី​១៥ ខែកក្កដា បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ ដើម្បី​ជំរុញ​វិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ឧបករណ៍​នេះ​គឺជា​សក្ខីភាព​មួយទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​ផ្លែ​ផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូស្ត្រាលី​លើ​កា​រព​ន្លឿ​ន​សកម្មភាព​ជំរុញ​វិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​ជា​អាទិភាព ដើម្បី​រួមចំណែក​ដល់​ការរក្សាបាន​នូវ​សុវត្ថិភាព​ម្ហូបអាហារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​ឧបករណ៍​ចម្បង​នេះ​នឹង​រួមចំណែក​ដល់​ការជំរុញ​វិនិយោគ និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ចំណីអាហារ ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​កសិកម្ម​»​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សម្ដី​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាថា តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ ​គឺជា​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​តែមួយគត់​ដែល​នឹង​ផ្តល់ព័ត៌មាន​និង​ជួយ​វិនិយោគិន​ឱ្យ​ច្បាម​យក​កាលានុវត្តភាព​មិនទាន់​ច្នៃ​នៃ​ធនធាន​កសិកម្ម​កម្ពុជា និង​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដ៏​ទាក់ទាញ​ពី​ច្បាប់​ស្តីពី​វិនិយោគ​។

​លោក​ថ្លែងថា​៖ «​ក្រុមការងារ​របស់​យើង​នឹង​នៅ​ជាមួយ​វិនិយោគិន​គ្រប់​ដំណាក់កាល​ដើម្បី​ធានា​នូវ​ការទទួលបាន​ផលចំណេញ​យ៉ាង​ឆាប់រហ័ស និង​គាំទ្រ​ដល់​ជីវភាព​ដ៏​ល្អប្រសើរ​របស់​កសិករ​និង​ក្រុមគ្រួសារ​របស់​ពួកគាត់​»​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សម្ដី​លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ថា រដ្ឋាភិបាល​អូស្ត្រាលី​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការលើកកម្ពស់​ផលិតភាព​ក្នុង​វិស័យកសិកម្ម តាមរយៈ​ការរួម​គ្នា​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​។

​លោក​ថ្លែងថា​៖ «​ការដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ នាពេលនេះ​គឺជា​សមិទ្ធផល​ថ្មី​និង​ជា​សក្ខីភាព​មួយ​ដែល​អូស្ត្រាលី​បាន​ចូលរួម​ជួយ​បំពេញបន្ថែម​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ជំរុញ ទាក់ទាញ និង​ថែរក្សា​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ធុរកិច្ច និង​ក​សិ​-​ចំណីអាហារ​»​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន កោតសរសើរ​ចំពោះ​កិច្ចសហការ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជាពិសេស​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ​ទាំង​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ ក្នុងការ​លើកកម្ពស់​កា​រ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​កែច្នៃ​ចំណីអាហារ ចំនួន​ប្រមាណ ៤០០ គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ១០,៣៣ ប៊ី​លាន​ដុល្លារ​អាមេរិក​៕​