ការដោះដូរទំនិញរបស់កម្ពុជាសម្រេចបានជាង២៧ពាន់លានដុល្លារក្នុងឆមាសទី១

ភ្នំពេញ៖ កម្ពុជាបានធ្វើការនាំចេញនិងនាំចូលមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែនេះ កើនឡើង ២០,២ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ មានចំនួន ២២,៦៧ពាន់លានដុល្លារ។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករ សម្រាប់ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន ១១,៣៧ពាន់លានដុល្លារ កើនឡើងខ្ពស់ក្នងអត្រា ៣៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២១​ ដែលមានត្រឹមតែចំនួន ៨,៤៩ពាន់លានដុល្លារ។ខណៈការនាំចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ កើនឡើង ១១,៩ភាគរយធៀបនឹងទឹកប្រាក់ ១៤,១៧ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារឹម កៅស៊ូ បំណែកគ្រឿងអគ្គីសនី​និងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត…។  សម្រាប់មុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃ រ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក ក្រដាស ឱសថ ស្បែកសត្វ និងជី ។ល។