ទីក្រុងបាងកក៖ ប្រទេសកម្ពុជានិងប្រទេសថៃបានចុះ ចុះអនុស្សារណៈយោគយល់គ្នា(MoU)ដើម្បីលើកកម្ពស់និងពង្រឹង វិស័យដឹកជញ្ជូននិងភស្តុភារកម្មក្នុងគោលបំណងដើម្បីសម្រួលនិងជំរុញការដោះដូរទំនិញរវាងប្រទេសទាំងពីរ។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការ តំណាងឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងលោក Danucha Pichayanan អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម(NESDC) នៃប្រទេសថៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានធ្វើពិធីចុះអនុស្សារណៈយោគយល់គ្នា(MoU) នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
MoU នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងស្មារតីយោគយល់គ្នា និងសុច្ឆន្ទៈ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យភស្តុភារកម្ម។ ក្នុងនោះមានទិសដៅគន្លឹះសំខាន់ៗចំនួន ៣ គឺ ទី១ កម្រិតក្របខណ្ឌគោលនយោបាយ ដែលរួមមាន គោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ, ទី២ សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index), និងទី៣ គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។
ក្នុងឆមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់សរុប ២ ២៩៧,១លានដុល្លារ កើនឡើង ២២,៨ភាគរយបើធៀបឆមាសទី១ ឆ្នាំ២០២១ ក្នុងនោះការនាំទំនិញពីថៃមកកម្ពុជា តម្លៃ ១ ៨០១,៣១លានដុល្លារ កើន ១៩,៥ភាគរយ និងការនាំចេញទំនិញពីកម្ពុជា មានតម្លៃ ៤៩៥,៧៧លានដុល្លារ កើនឡើង ៣៦,៧ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕