ភ្នំពេញៈ កម្ពុជា បានជួបពិភាក្សាជាមួយក្រុមគណៈប្រតិភូនៃសភាពាណិជ្ជកម្មថៃ ក្នុងគោលបំណងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យមានទំហំធំបន្ថែមទៀត ខណៈការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះមានទឹកប្រាក់សរុបជិត ២,៣ពាន់លានដុល្លារ។
ជំនួបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា រវាង លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយនឹងក្រុមគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយលោកស្រី Doung Jai សមាជិកសភាពាណិជ្ជកម្មថៃ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
តំណាងសភាពាណិជ្ជកម្មថៃ លោកស្រី Doung Jai បានឱ្យដឹងថា គោលបំណងនៃគណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់ក្រសួងពាណិជ្ជកម្ម គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា និងជម្រាបជូនពីគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាពាណិជ្ជកម្មថៃ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនថៃប្រមាណ ៧០ក្រុមហ៊ុន មកកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខ។
លោកស្រីនិយាយថា៖«ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មថៃនាពេលខាងមុខ គឺដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគរវាងប្រទេសទាំង២កម្ពុជា-ថៃផងដែរ»។
ជាការឆ្លើយតប លោក ស៊ាង ថៃ បានថ្លែងមតិស្វាគមន៍គណៈប្រតិភូថៃ ដែលបានធ្វើដំណើរមកកម្ពុជា ជាពិសេសការមកជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាជំរុញការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ឱ្យកាន់តែមានធំហំធំបន្ថែមទៀត។ លោកបន្ថែមថា កម្ពុជា-ថៃ ជាប្រទេសជិតខាងគ្នា មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើគ្រប់វិស័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន ដោយទំហំពាណិជ្ជកម្មនៃប្រទេសទាំង២មានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានបញ្ជាក់ថា៖«ក្រសួងពាណិជ្ជកម្មគាំទ្រ នឹងផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មថៃក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ(ជំនួបពិភាក្សា)ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំង២បន្ថែមទៀត»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-ថៃ ក្នុងឆមាសទី១ ឆ្នាំ២០២២ មានទឹកប្រាក់សរុប ២ ២៩៧,០៧លានដុល្លារ កើនឡើង ២២,៨ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ ដែលមានចំនួន ១ ៨៧០,០៩លានដុល្លារ។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសថៃ មានចំនួន ៤៩៥,៧៨លានដុល្លារ កើនឡើង ៣៦,៧ភាគរយ និងការនាំទំនិញពីថៃមកកម្ពុជា មានចំនួន ១ ៨០១,៣២លានដុល្លារ កើនឡើង ១៩,៥ភាគរយ៕