សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា (PUC) និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនអភិវឌ្ឍការអប់រំ សហការគ្នាសម្រាប់ការការស្រាវជ្រាវ

 

ភ្នំពេញៈ  វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ​ការយោគ​យល់​​គ្នា ជាមួយ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍការអប់រំ និងការស្រាវជ្រាវ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តមនាយកវិទ្យាស្ថាន បានជម្រាបជូនអង្គពិធីអំពីដំណើរការ​របស់​វិទ្យាស្ថាន ការតាំងចិត្តរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញ​ច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន។

លោកនាយកសង្ឃឹមថា៖ ការចុះអនុស្សរណៈយោគយល់នេះនឹងបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ​ជាមួយគ្នា ផ្តល់អត្ថប្រយោជន៍បន្ថែមទៀត និងបំពេញរាល់កង្វះខាតជូនភាគីទាំងសងខាងពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការរង បានបញ្ជាក់ថាសាលាបញ្ញាសាស្រ្ដកម្ពុជា ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០០ ទើបបង្កើតឱ្យមានជាសាកលវិទ្យាល័យ ក្រោមគោលបំណងចូលរួមចំណែក​ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។ សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា​បានដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការ “កសាងប្រទេស” សម្រាប់មនុស្សជំនាន់ក្រោយ។

លោក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំឱ្យ​មានពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នានេះ និងបានលើកឡើងថាពិធីនេះគឺជាការចាប់ផ្តើមនៃកិច្ចសហការ រវាងស្ថាប័នទាំងពីរក្នុងការឈានទៅរកភាពរីកចំរើនរួមគ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា៖ អនុស្សរណៈយោគយល់នេះ បានឯកភាពជាគោលការណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការអប់រំ និងការស្រាវជ្រាវរួមមាន៖ សហការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ សហការផ្តល់ជំនួយ​បច្ចេកទេស​លើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗ ប្រើប្រាស់ឧបករណ៍​ សម្ភារៈសំណង់ និងធនធានរួមគ្នា ផ្តល់ឱកាសដល់និស្សិតដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា ផ្តល់ជូនវិញ្ញាបនបត្រ​នៃការបណ្តុះបណ្តាលបច្ចេកទេស និងជំរុញអនុវត្តសកម្មភាព ស្របតាមស្មារតីនៃ​អនុស្សរណៈនៃការយោគយល់គ្នានេះ៕