ការបញ្ជាទិញលើវិស័យរោងចក្រនៅកម្ពុជាប្រឈមនឹងការធ្លាក់ចុះក្នុងឆមាសទី២

ភ្នំពេញ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​បញ្ជារ​ទិញ​ពី​ទីផ្សារ​ប្រទេស​លោក​ខាង​លិច ដែល​ជា​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ដ៏​សំខាន់​របស់​កម្ពុជា បន្ទាប់​ពី​រោងចក្រ​ជា​សមាជិក​របស់​សមាគម​មួយ​ចំនួន បាន​ផ្តល់​ដំណឹង​ពី​ការ​កាត់​បន្ថយ​ផ្នែក​ខ្លះ​នៃ​ការ​បញ្ជា​ទិញ​ពី​ខាង​ក្រៅ​។​

លោក Ken Loo អគ្គ​លេខាធិ​ការ នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​សរសេរ​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ភាព​នាំ​ចេញ​សម្រាប់​ឆមាស​ទី ២ ឆ្នាំ​២០២២​នេះ ដោយ​សារ​តែ​ស្ថានភាព​សកល​លោក​មាន​ភាព​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច ដែល​ជា​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​។

លោក​បាន​និយាយ​ថា សមាជិក​របស់ GMAC ជា​ច្រើន​បាន​ជូន​ដំណឹង​ដល់ GMAC អំពី​ការ​បញ្ជារ​ទិញ​របស់​ម្ចាស់​ទំនិញ​ត្រូវ​បាន​កាត់​បន្ថយ ឬ​កែ​សម្រួល​ឡើង​វិញ និង​សមាជិក​មួយ​ចំនួន​បាន​ស្វែង​រក​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ពី​ក្រុម​ច្បាប់ GMAC អំពី​នីតិវិធី​សម្រាប់​ការ​ផ្អាក​ផលិត​កម្ម​មួយ​ផ្នែក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​នេះ GMAC កំពុង​ធ្វើការ​ស្ទង់​មតិ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​សមាជិក​ទាំង​អស់ ដើម្បី​វិភាគ​ស្ថាន​ភាព​តាម​លំដាប់​លំ​ដោយ​កាន់​តែ​ត្រឹម​ត្រូវ​។ ការ​កើន​ឡើង​ថ្លៃ​ដើម​ទ្វេ​ដង នឹង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ដោយ​នេះ​មិន​ទាន់​និយាយ​អំពី​បញ្ហា​ផ្សេង​ទៀត​ដូច​ជា ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់ និង​ថ្លៃ​ដើម​នៃ​ការ​អនុលោម​តាម​ច្បាប់​ខ្ពស់ ដែល​កំពុង​តែ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​សារ​តម្រូវ​ការ​របស់​អ្នកទិញ​»​។​

លោក Ken Loo បាន​ព្រមាន​ថា តាម​ស្ថិតិ ប្រាក់​ចំណេញ​ក្នុង​វិស័យ​នេះ​កំពុង​ដំណើរ​ការ​ទាប​ណាស់ បើ​ធៀប​នឹង​សមាមាត្រ​នៃ​តម្លៃ​បន្ថែម​ធៀប​នឹង​ប្រាក់​ឈ្នួល បូក​នឹង​ថ្លៃ​ដើម​ទាក់​ទង​នឹង​ការ​ងារ​ផ្សេង​ទៀត​។ ដូច្នេះ មិន​ជា​ល្អ ទាំ​ងស្រុង​ចំពោះ​តម្លៃ​នាំ​ចេញ និង​អត្រា​កំណើន​នោះ​ទេ ព្រោះ​តម្លៃ​នាំ​ចេញ​គឺ​ជា​ការ​លក់​ជា​មូល​ដ្ឋាន​។

អគ្គ​លេខាធិការ នៃ GMAC​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ត្រូវ​មាន​ភាព​សកម្ម និង​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នឹង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កាន់​តែ​ច្រើន​។​ម្យ៉ាង​វិញ​ទៀត យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់​ដេរ ស្បែក​ជើង និង​កាបូប ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ខែមីនា ឆ្នាំ​២០២២ ត្រូវ​តែ​អនុវត្ត​អនុវត្ត​ឱ្យ​បាន​លឿន​រហ័ស ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​នា​ពេល​ខាង​មុខ ។​

យោង​តាម​របាយការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ការ​នាំ​ចេញ​ផលិត​ផល​សំលៀក​បំពាក់ ស្បែក​ជើង​និង​ផលិត​ផល​អ្នក​ដំណើរ​បាន​កើន​ឡើង​ប្រមាណ​៤០​ភាគរយ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២ សម្រេច​បាន​ទឹក​ប្រាក់​ប្រមាណ ៦,៦ ពាន់​លាន​ដុល្លារ​កើន​ពី​៤,៧២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​៕