ចិនប្តេជ្ញាជួយកសិផលកម្ពុជាកាន់តែច្រើនចូលទីផ្សារខ្លួន

ភ្នំពេញៈ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​ឱ្យ​ដឹង​ក្នុង​សន្និសីទ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ថា ប្រទេស​ចិន​បាន​ចាត់​វិធានការ​ពិសេស​ដើម្បី​ជួយ​សម្រួល​ដល់​ការ​នាំ​ចូល​ស្វាយ​ស្រស់​ដែល​មាន​គុណភាព​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​ចិន និង​រំពឹង​ថា ស្វាយ​ស្រស់​ចំនួន ១០០ ០០០​តោន​នឹង​ចូល​ទៅ​ទីផ្សារ​ចិន​ក្នុង​ឆ្នាំ​នេះ។

លោកស្រី ​Hua Chunying បាន​ឆ្លើយតប​នឹង​សំណួរ​របស់​កាសែត Beijing Youth Daily ថា តាម​ពិត​នាយក​ដ្ឋាន​ជាប់​ពាក់​ព័ន្ធ​បាន​ជម្នះ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩​ និង​អាច​ឆ្លង​កាត់​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ជាក់​ស្ដែង​ ផ្នែក​ផលិតផល​កសិកម្ម​ តាម​រយៈ​មធ្យោ​បាយ​នវានុវត្តន៍​នៃ​ការ​ត្រួត​ពិនិត្យ​ដាច់​ដោយ​ឡែក​តាម​រយៈ​វីដេអូ​ខនហ្វ្រិន។

កិច្ច​សហ​ប្រតិបត្តិការ​នេះ​មិន​គ្រាន់​តែ​ជួយ​សម្រេច​បាន​តាម​តម្រូវ​ការ​អតិថិជន​ចិន​តាម​រយៈ​ការ​បន្ថែម​ជម្រើស​ដល់​ទីផ្សារ​ផ្លែ​ឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កសិករ​កម្ពុជា​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម​ និង​ជួយ​ពួក​គេ​ជម្នះ​ពេល​វេលា​ដ៏​ពិបាក​ដោយសារ​ជំងឺ​កូវីដ១៩។

លោកស្រី​ថ្លែង​ថា៖ «​ព័ត៌មាន​នេះ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង និង​ស្វាគមន៍​ដោយ​កក់​ក្ដៅ​ពី​វិស័យ​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា​។​ កិច្ច​សហ​ប្រតិបត្តិការ​នេះ​គឺ​លើស​ពី​គ្រាន់​តែ​ស្វាយ​ទៅ​ទៀត។ វា​បង្ហាញ​ពី​មិត្តភាព​ជា​បង​ប្អូន​រវាង​ប្រទេស​យើង​ទាំងពីរ​»។

លោក​ស្រី​លើក​ឡើង​ថា​៖ «​ក្នុង​នាម​ជា​មិត្ត​ដែក​ថែប​របស់​កម្ពុជា​បាន​ចែក​រំលែក​សុវត្ថិភាព និង​ការ​ពិបាក​ ប្រទេស​ចិន​នឹង​សហការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្ដែង​កាន់​តែ​ស៊ី​ជម្រៅ​ជា​បន្ត​នៅ​ក្នុង​វិស័យ​នានា ដែលរួម​ទាំង​ផលិត​កម្ម​កសិកម្ម ដើម្បី​នាំ​យក​អត្ថប្រយោជន៍​ជាក់​ស្ដែង​ដល់​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ»។

ការ​នាំ​ចេញ​ជា​ផ្លូវការ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​គយ​ចិន​ កាល​ពី​ថ្ងៃទី​២៦ខែមេសា បាន​អនុម័ត​ជា​ផ្លូវការ​នូវ​បញ្ជី​ចម្ការ​ស្វាយ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៣៧ ដើម្បី​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​។​

ស្ថិតិ​ក្រសួង​កសិកម្ម​បង្ហា​ញថា កម្ពុជា​បាន​នាំ​ចេញ​ស្វាយ​ស្រស់​១៤២ ៥៥៦ តោន​នៅ​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​២០២១ កើន​ឡើង​២៣៩,១៣​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​២០២០។

គិត​ត្រឹម​ឆ្នាំ​២០២០ ស្វាយ​ត្រូវ​បាន​ដាំដុះ​លើ​ផ្ទៃដី ១៣០ ០០០​ហិកតា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ចំណោម​នោះ​ ៩១ ១០៤ ហិកតា (​៧០,០៨​ភាគរយ) កំពុង​ប្រមូល​ផល​។ ទិន្នផល​​​ជា​មធ្យម​ជាង ​១,៣៨​លាន​តោន​ក្នុង​មួយ​រដូវ៕

Leave a Reply

Your email address will not be published. Required fields are marked *