ខេត្តសៀមរាបរំពឹងថានឹងទទួលបានភ្ញៀវសរុបជាង២លាននាក់ក្នុងឆ្នាំ២០២២នេះ

 

ភ្នំពេញ៖ ក្រសួងទេចរណ៍បានធ្វើការព្យាករណ៍ថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរចូលមកកម្សាន្ត នឹង​ឡើងដល់ចំនួន២,២៧៨,៨៥៤នាក់សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២  ខណៈក្នុងរយៈពេល៧ខែ​ឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់រួចទៅហើយ។

នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «តាមការព្យាករណ៍សម្រាប់រយៈ​ពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹង​ឡើងដល់ចំនួន​២,២៧៨,៨៥៤​នាក់»។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៥៣៤,០០៥នាក់។

លោករដ្ឋមន្ត្រីបានបន្តថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន​២,០៣៩,០០០នាក់ កើនឡើង២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន​២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។

លោក ថោង ខុន បានបញ្ជាក់ទៀតថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សា​ជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញ​ឱ្យ​ទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។

នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការ​អាជីវកម្មសរុបចំនួន​៥៤៨កន្លែង ស្មើនឹង៤៦%នៃអាជីវកម្មទេសចរណ៏សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង។ នេះបើតាមការ​បន្ថែមរបស់លោក ថោង ខុន។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ចំពោះធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយលោកបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យ​ទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕