សៀវភៅដែលមានចំណងជើងថា៖ «Beyond Borders, Beyond Banking» របស់ធនាគារអេស៊ីលីដាដាក់សម្ពោធជាផ្លូវការ

 

ភ្នំពេញ៖ ធនាគារអេស៊ីលីដាបានដាក់សម្ពោធជាផ្លូវការនូវសៀវភៅក្បាលភាគ២របស់ខ្លួននៅថ្ងៃទី១៦ ខែសីហា មានចំណងជើងថា«Beyond Borders, Beyond Banking» បន្ទាប់ពីសៀវភៅទី១ មានចំណងជើង« When There Was No Money » ត្រូវបានផ្សព្វផ្សាយនៅទីក្រុងញ្ញូវយ៉ក នៃសហរដ្ឋអេមេរិក​នាពេល​កន្លង​មក។​

បណ្ឌិត អ៊ិន ចាន់នី បានថ្លែងក្នុងពិធីសម្ពោធសៀវភៅ«Beyond Borders, Beyond Banking» ថាការណ៍​ដែរធនាគាររបស់លោកសម្រេចដាក់ចំណងជើងដូច្នេះ ដោយសារតែនៅពេលមិនមាន​សាច់ប្រាក់​គ្រប់គ្រាន់​គឺដំណាក់កាលដំណើរការកម្ពុជាបានកំពុងកសាងស្តារ (rehabilitation)គឺមិនមានការប្រើប្រាស់​ឥណទាន​ច្រើនទេនៅក្នុងអំឡុងឆ្នាំ១៩៩០-២០០៣។

លោកថ្លែងបន្តទៀតថា ធនាគារអេស៊ីលីដាបានធ្វើ​ការអភិវឌ្ឍជាបន្តបន្ទាប់​រហូតដល់ខ្លួនបានរៀបចំបោះពុម្ភ​សៀវភៅក្បាលភាគ២មានចំណង់ជើង«Beyond Borders, Beyond Banking ដែលមានន័យថា ហួសពី​ព្រំដែន​កម្ពុជាហួសពីវិស័យធនាគារទៅទៀត ព្រោះ​ក្នុង​ឆ្នាំ២០០៥ គឺជាឆ្នាំមានការរីក​ចម្រើនខ្លាំងនៅ​ក្នុងវិស័យធនាគារ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«នៅក្នុងឆ្នាំ២០០៨ យើងចាប់ផ្តើមពង្រីកហួសពីព្រំដែនកម្ពុជាគឺយើង​បម្រើ​សេវានៅទៅប្រទេសឡាវ និងឆ្នាំ២០១៣ យើងបានពង្រីកសេវាទៅកាន់ប្រទេសមីយ៉ាន់ម៉ា(ភូមា)។ ហួសពី​ព្រំដែន​កម្ពុជាគឺ យើងពង្រីកទៅដល់អាស៊ាន ហើយលើសពីវិស័យធនាគារ យើងបានចាប់ផ្តើមទៅ លើវិស័យ​មូលបត្រ នោះហើយគឺជាដំណើរការនៃការអភិវឌ្ឍរបស់ធនាគារ ជាមួយអតិថិជនព្រោះ យើងបានបោះផ្សាយ​ភាគហ៊ុនគឺអតិថិជនជាម្ចាស់នៃភាគហ៊ុនិក ទើបបានជាយើងរីកចម្រើនជាមួយអតិថិជនរបស់យើង ដូច្នេះគាត់​អាចប្រើ​សេវាហិរញ្ញវត្ថុ ហើយគាត់អាចធ្វើជាម្ចាស់ធនាគារតាមរយៈការវិនិយោគទិញភាគហ៊ុនរបស់ធនាគារ​នៅក្នុងផ្សារមូលបត្រ នោះឯងជាខ្លឹមសារសង្ខេបនៃការអភិវឌ្ឍរបស់ធនាគារត្រូវបានចង់ក្រងនៅក្នុងសៀវភៅ​ភាគ២នេះ»។

លោកក៏បានគួសបញ្ចាក់ទៀតថា ហួសពីព្រំដែនគឺធនាការបានពង្រីកទៅកាន់បណ្តាប្រទេសនៅក្នុងអាស៊ាន ហើយពីវិស័យធនាគារគឺឈានចូលវិស័យមូលបត្រ ព្រមទាំងច្រើនជាងនេះគឺការផ្តល់សេវាចម្រុះ។

លោកបានថ្លែងថា៖«យើងបានផ្តល់សេវាមួយទៀតសម្រាប់ផ្តល់ឱកាសក្នុងចែករំលែកបទពិសោធន៍របស់ធនាគារ អេស៊ីលីដា ទៅដល់ប្រទេសលើសកលលោកដែលជាចំណែកនៃទស្សនកិច្ចសិក្សានៃវិទ្យាស្ថាន គឺបង់ថ្លៃ​សិក្សា​រយៈពេលខ្លី ហើយសៀវភៅនេះជាចំណែកមួយនៃសេវារបស់វិទ្យាស្ថាន»។

«ដូច្នេះសៀវភៅភាគ២នេះក៏មានគោលដៅដូចគ្នាដែរគឺសម្រាប់និស្សិតនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និង​សម្រាប់​គ្រឹះស្ថាន​នៅលើសកលលោកដែលគាត់មកស្វែងយល់សិក្សាពីកម្ពុជា រួមទាំងអាជ្ញាធរនិយ័តកម្មនៅក្នុង​វិស័យធនាគារនិងហិរញ្ញវត្ថុរបស់ប្រទេសដទៃ»។ នេះបើយោងតាមការថ្លែងអះអាងរបស់បណ្ឌិត អ៊ិន ចាន់នី។

សូមបញ្ជាក់ផងដែរថា សម្រាប់សៀវភៅ «Beyond Borders, Beyond Banking »គឺត្រូវបានចំណាយ​ទឹកប្រាក់អស់៦០ម៉ឺនដុល្លារ​ ដែលនឹងធ្វើការបោះផ្សាយចំនួន៣ម៉ឺនក្បាល។​ សៀវភៅនេះត្រូវបានចងក្រងអំពីការ​អភិវឌ្ឍអេស៊ីលីដា នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ។ ហើយសៀវភៅនេះ មានបោះពុម្ភលក់នៅ​លើ​Amazon​ ដែលដែលធនាគារអេស៊ីលីដាមានដៃគូរសម្រាប់លក់៕