ក្រសួងកសិកម្មកម្ពុជា-ចិនរួមគ្នាបង្កើតក្រុមការងារសិក្សាទំនិញកសិកម្មមានសក្តានុពលដើម្បីនាំចេញ

 

ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃ ក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានសម្រេចសហការជាមួយក្រសួងកសិកម្មរបស់​កម្ពុជា​បង្កើតក្រុមការងារបច្ចេកទេស ដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោត​សំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។

ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Zhang Lubiao

ដែលបានដឹកនាំគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។​

លោករដ្ឋមន្ត្រីបានថ្លែង ចំពោះវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើររវាងប្រទេសទាំងពីរ ដោយថ្មីៗនេះភាគីចិន​បានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយនិងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជាឆាប់ៗខាងមុខនេះ។

លោកមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹងនិងពង្រីកកាន់តែរឹងមាំថែម​មួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខ័ណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើ​ផលិតផល​កសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេននាពេលខាងមុខនេះ។

លោក Zhang Lubiao បានមានប្រសាសន៍ថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយ​គាំទ្រលើ​ការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបាន​រៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុង​ការអភិវឌ្ឍវិស័យកសិកម្ម។

លោកបានបន្ថែមថា ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្ត ក៏ដូចជាការយន្តការ​នៃការអនុវត្តគឺកាន់តែសំខាន់ថែមទៀត ដូចជាការប្រមូល កៀងគរ និងប្រើប្រាស់ធនធាន រួមមានធនធានមនុស្ស ធនធានថវិកាជាដើម ពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។

លោករដ្ឋមន្ត្រីឯកភាពចំពោះការលើកឡើងរបស់ Zhang Lubiao ជាពិសេសលើការរៀបចំផែនការមេ និង​សារៈសំខាន់​នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍​កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការ​រំពឹងទុក លោករដ្ឋមន្ត្រីស្នើដល់ក្រុមការងារជំនាញពី​ក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មក​សិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈ​ការពង្រឹង​ការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស៕