SME Bank បានផ្តល់កម្ចីសរុប ២០ លានដុល្លារ​ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ទទួលកម្ចីសរុប ២០លានដុល្លារ

 

ភ្នំពេញ៖ គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ SME Bank បានអនុម័តទំហំកម្ចីសរុបចំនួន ២០លាន​ដុល្លារ ទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ដើម្បីឱ្យពួកគេយកទៅ​ស្តារអាជីវកម្ម​របស់ខ្លួន ក្នុងពេលដែលភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមចូលមកកម្សាន្តនៅកម្ពុជាបណ្តើរៗ ដែលជំរុញឱ្យ​វិស័យទេសចរណ៍នៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ។ នេះបើយោងតាម អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានឱ្យដឹងថា

បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានដាក់ឱ្យអនុវត្តតាំង​ពីខែឧសភាមក ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៨ បានដាក់សំណើកម្ចី ក្នុងនោះសំណើរ​ចំនួន១៤៦ ត្រូវបានអនុម័ត។ ចំណែកសំណើកម្ចីចំនួន២ទៀត ត្រូវបានបដិសេធ។

បើយោងតាមក្រសួងទេចរណ៍ នៅថ្ងៃទី២៧ ខែសីហានេះ លោក លឹម អូន អគ្គនាយកធនាគារ SME បាន​បញ្ជាក់ថា កម្ចីភាគច្រើន គឺបានទៅលើអាជីវកម្ម សណ្ឋារគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយក្នុង​ចំណោម​សំណើ ដែលបាន​អនុម័តនេះ សណ្ឋាគារមានចំនួន១៩ ផ្ទះសំណាក់ចំនួន ៤៤ ក្នុងទំហំទឹកប្រាក់ជាង១០លាន​ដុល្លារ។ ចំណែក​កម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥អតិថិជន ក្នុងទំហំប្រាក់ប្រមាណ៧លាន ៨០ម៉ឺន​ដុល្លារ ។ ក្រៅពីនោះគឺ អាជីវកម្មផ្សេងៗទៀតដែលគាំទ្រដល់វិស័យទេសចរណ៍ ចំនួន១៨ អតិថិជនដែល​មាន​ទំហំទឹកប្រាក់ ប្រមាណ២លានដុល្លារ។

លោកបានគូសបញ្ជាក់បន្ថែមថា «សន្ទុះនៃការដាក់ពាក្យស្នើសុំ បើប្រៀបធៀបជាមួយគម្រោងសហហិរញ្ញប្បទាន​ទ្រទ្រង់សហគ្រាសធនតូច និងមធ្យមក្នុងដំណាក់កាលទី២ គឺមានភាពយឺតជាង។ ប៉ុន្តែខ្ញុំគិតថា ដោយសារ​គម្រោង​នេះ គឺផ្តោតតែលើវិស័យទេសចរណ៍តែមួយមុខ ហើយគម្រោងមុន គឺមានការបើកទូលាយ ដែលមាន​វិស័យច្រើនចូលរួម។ ហេតុនេះភាពយឺតយ៉ាវ ឬចំនួនដែលស្នើមកតិចនេះ គឺជារឿងធម្មតា ដោយសារតែវាចង្អៀត ក៏ប៉ុន្តែយ៉ាងណាក៏ឃើញមានការផុលផុស ចាប់អារម្មណ៍ច្រើន ជាពិសេសតាមរយៈក្រសួងទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរ។ សន្ទុះនៃការខ្ចីជិត២ខែមកនេះ បាន២០លាន គឺគិតថាគួរសមដែរ»។

ជាមួយគ្នា លោកសង្ឃឹមថា ខែបន្តបន្ទាប់ទៀតនឹងមានសន្ទុះនៃការស្នើកម្ចី និងការបញ្ចេញកម្ចី កាន់តែកើន​ឡើងថែមទៀត។ លោកវាយតម្លៃថា យ៉ាងយូរណាស់ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣ ទឹកប្រាក់ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងត្រូវបញ្ចេញអស់។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ បានដាក់ឱ្យអនុវត្តគម្រោង​សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន របស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។

គម្រោងហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដែលបានមកពីថវិកាបដិភាគ​របស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ​ចូលរួម (PFIs) ចំនួន៧៥លានដុល្លារដោយផ្តល់អត្រាការប្រាក់៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់​បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះ​នៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្ម​នៃសេវាទេសចរណ៍របស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្ម​ទេសចរណ៍ សរុបនៅកម្ពុជាមានជិត៨ពាន់អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុង​ផ្អាក​​អាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។

ក្នុងចំណោមនោះដែរ សណ្ឋាគារ និងផ្ទះសំណាក់ចំនួន១៩០ទីតាំងបានផ្អាកអាជីវកម្ម និង២៩ ទីតាំងទៀត បានសម្រេចបិទអាជីវកម្មតែម្តង និង៥២០ទីតាំងកំពុងដំណើរការអាជីវកម្ម។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប ២ ៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម ៕