ក្រសួង​ពាណិជ្ជកម្ម​ប្រជុំជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​​​ដើម្បី​ជំរុញ​​ពាណិជ្ជកម្មទ្វេភាគីជា​មួយ តួកគី

ភ្នំពេញ៖កម្ពុជាបានកំណត់​វិស័យ​អាទិភាពសំខាន់ៗមួយចំនួនដើម្បី​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​លើក​ទី៣គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែតុលាខាងមុខនេះក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​ទាញ​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមា។

ក្រសួងពាណិជ្ជកម្មបាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួងកាលពី​ថ្ងៃទី​២៤ខែសីហាដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​របៀបវារៈនិង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅអំឡុង​ខែតុលាឆ្នាំ២០២២នៅ​កម្ពុជា។កិច្ចប្រជុំ​នេះក៏មានថ្នាក់ដឹកនាំ-មន្ត្រី​ជំនាញ​នៃ​ក្រសួងពាណិជ្ជកម្មនិង​អន្តរក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន១៣ស្ថាប័នផងដែរ។

លោកស្រីតឹក​រ៉េតកំរងរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្មបានស្នើ​ដល់​តំណាង​អន្តរក្រសួង​ទាំង១៣ស្ថាប័នចូលរួម​ពិភាក្សា​និង​ផ្តល់​ធាតុ​ចូល​ឱ្យបាន​ផុសផុល​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួមដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣គណៈ​កម្មការ​​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​នាពេលខាងមុខឱ្យទទួល​ជោគជ័យនិង​លទ្ធផល​ផ្លែផ្កា។

កិច្ចប្រជុំបាន​ចេញសេចក្តីព្រាង​កំណត់ហេតុ​រួមដែល​ក្នុងនោះ​បង្ហាញ​ពី​វិស័យ​អាទិភាព​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-តួ​ក​គី​​ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​ទាញ​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមារួមមាន​ជាអាទិ៍៖ពាណិជ្ជកម្មវិនិយោគធុរកិច្ចឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា​និង​នវានុវត្តន៍ហា​ឡា​លសហគ្រាស​ធុន​តូច​និង​មធ្យមកសិកម្មដឹកជញ្ជូនអាកាសចរ​ស៊ីវិលសុខាភិបាលអប់រំទេសចរណ៍និង​វិស័យ​ពាក់ព័ន្ធ​ដទៃទៀត។

ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថាក្នុង​រយៈពេល៥ឆ្នាំ(២០១៧-២០២១)ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-តួ​ក​គី​សម្រេចបាន៤៦២,៦៣លាន​ដុល្លារ។ហើយ​ទោះបីជា​ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ក្ដីក៏​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន​ប្រមាណ៩០,៦៣លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១ដែល​កើនឡើង២,០៦%ធៀប​នឹង​ឆ្នាំ២០២០។ក្នុងនោះកម្ពុជា​នាំចេញ​មុខទំនិញ​ទៅ​តួ​ក​គី​ដូចជាសម្លៀកបំពាក់វាយនភ័ណ្ឌស្បែកជើងសម្ភារ​ធ្វើដំណើរអង្ករឆត្រខណៈដែល​កម្ពុជា​នាំចូល​ទំនិញ​ពី​តួ​ក​គី​​វិញរួមមានម៉ាស៊ីនផលិតផល​ឱសថកញ្ចក់ដែកផលិតផល​ប្លា​ស្ទិ​កនិង​ទំនិញ​ដទៃទៀត៕