កម្ពុជាស្នើឱ្យសមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) បន្តទៀត

ភ្នំពេញ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​ស្នើឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​បន្តទៀត ខណៈ​វិស័យ​កំពុង​ទន្ទឹង​រងចាំ​ការសម្រេច​ពី​ខាង​សភា​អាមេរិក។

ការស្នើ​នេះ​បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ លោកស្រី Carol Miller សមាជិកសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ West Virginia នៅ​ថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​សិក្សា​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា និង​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

លោក ប៉ាន សូរ​សក្តិ បាន​លើកឡើងថា កម្ពុជា​ទទួលបាន​ប្រយោជន៍​ច្រើន ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក ដែល​បាន​ទាក់ទាញ​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ​ជាច្រើន​មក​កម្ពុជា និង​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា»។

លោក​បាន​បញ្ជាក់ថា៖« ក្រសួង​ស្នើឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាម៉េរិក​ដល់​កម្ពុជា​បន្ត​ទៀត និង​ស្នើ​ឱ្យជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា ស្របតាម​បរិបទ​ថ្មី​នៃ​សង្គម​ឌីជីថល ខណៈដែល​ពេលបច្ចុប្បន្ន កម្ពុជា ក៏មាន​តម្រូវ​ការចាំបាច់​លើ​ផ្នែក​បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជាដើម»។

យោងតាម​របាយការណ៍​របស់​អគ្គនាយក​រដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៧ខែ​ដំបូង ឆ្នាំ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង៥៨៩២លាន​ដុល្លារ កើនឡើង​ជាង៤៥ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា ទៅ​សហរដ្ឋអាមេរិក មានតម្លៃ​ទឹកប្រាក់​ជាង ៥៦៩៥ លាន​ដុល្លារ កើនឡើង​ជាង ៤៧ភាគរយ ខណៈដែល​កម្ពុជា នាំចូល​ពី​អាមេរិក​មកវិញ​មានតម្លៃ​ជាង ១៩៦លាន​ដុល្លារ កើនឡើង ៣,២ភាគរយ ៕