រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននឹងជំរុញកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលា​ដែលបានកំណត់

ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers’ Special Meeting) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសស មាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង​អំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កិច្ចប្រជុំពិសេសនេះ មានគោលបំណងដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារដំឡើង​កម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលា​ដែលបានកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្នុងចំណោម​សមិទ្ធផលអាទិភាពសេដ្ឋកិច្ច​ទាំងឡាយ ដែលកម្ពុជាបានលើកឡើង ក្រោមភាពជាប្រធានអាស៊ានប្តូរវេនស្ថិតក្រោមសសរស្តម្ភ​សហគមន៍សេដ្ឋកិច្ចអាស៊ាន។

គួររំលឹកផងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ការចរចារដំឡើងកម្រិតទទួលបានលទ្ធផលគួរឱ្យ​កត់សម្គាល់ និងសង្ឃឹមថាឈានទៅបញ្ចប់តាមពេលវេលាកំណត់។ សមាជិកអង្គ​ប្រជុំ​ទាំង​អស់​បាន​ចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់ការណែនាំកម្រិតគោលនយោបាយ​ដល់មន្ត្រីជំនាញ​ចរចារ ដោយធ្វើយ៉ាងណាបង្ហាញនូវភាពបត់បែន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់៕