អាជីវកម្មជប៉ុនជាង៦០០ កំពុងប្រើប្រាស់យ៉ាងសកម្មនូវសេវាទូទាត់របស់ ធនាគារអេស៊ីលីដា    

ភ្នំពេញៈថ្នាក់ដឹកនាំធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បច្ចុប្បន្នធនាគារខ្មែរពាណិជ្ជ​ដ៏ធំមួយនេះមានអតិថិជនជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលកំពុង​ប្រើប្រាស់សេវាកម្មទូទាត់របស់អេស៊ីលីដា។

សាជីវកម្មទាំងនេះស្ថិតក្នុងវិស័យផ្សេងៗរាប់ចាប់តាំងពីវិស័យផលិត អចលនទ្រព្យ សំណង់ រហូតដល់វិស័យលក់រាយ។​ជាមួយគ្នានេះអេស៊ីលីដាក៏បាន​និងកំពុងរៀប​ចំ​យុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនជប៉ុនឲ្យ មកវិនិយោគ និងប្រើប្រាស់​សេវា​អេស៊ីលីដា បន្ថែមទៀតផងដែរ ខណៈដែលបច្ចុប្បន្ន សេដ្ឋកិច្ច កម្ពុជា កំពុងបើក​ទូលាយ គ្រប់វិស័យ សម្រាប់ ការវិនិយោគបរទេស ហើយតាមច្បាប់វិនិយោគថ្មី របស់ កម្ពុជា ក៏មានការលើកទឹកចិត្តវិនិយោគិនជាច្រើនផងដែរ។

នាជំនួបជាមួយក្រុមវិនិយោគិនជនជាតិជប៉ុនជាង៥០ក្រុមហ៊ុនកាលពីពេលថ្មីៗ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញពី​សមិទ្ធ​ផល និងការធ្វើពាណិជ្ជកម្មរវាងធនាគារខ្មែរពាណិជ្ជដ៏ធំមួយ​នេះជាមួយនឹង​ក្រុមហ៊ុនជប៉ុន  ដែលកំពុងធ្វើប្រតិបត្តិការ នៅកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះធនាគារ អេស៊ីលីដា មានអតិថិជនជនជាតិជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលស្ថិតក្នុង​វិស័យផ្សេងៗ រាប់ចាប់តាំង ពីការផលិតរហូតដល់លក់រាយ អចលនទ្រព្យ សំណង់ និងវេជ្ជសាស្ត្រជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា អតិថិជនជនជាតិជប៉ុន លក្ខណៈ​សាជីវកម្ម​ទាំងនេះមិនមែនប្រើប្រាស់សេវាកម្មឥណទាន របស់ អេស៊ីលីដានោះទេ ពោលគឺពួក​គេ​ប្រើប្រាស់ជាសេវាទូទាត់នានាដូចជា ទូទាត់ ប្រាក់ខែជូនបុគ្គលិក  និងទូទាត់ថ្លៃ​ទំនិញជាដើម។

ក្រៅពីចែករំលែកបទពិសោធន៍លើការធ្វើពាណិជ្ជកម្មក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដារូបនេះក៏បានបង្ហាញពីភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងចំណុចសក្តានុពល នានា របស់កម្ពុជាដល់ ក្រុម វិនិយោគិ នជនជាតិ ជប៉ុន ផងដែរ ក្នុងន័យផ្តល់ជាធាតុចូលដល់ពួកគេសម្រាប់ពិចារណាមុនវិនិយោគនៅកម្ពុជា។

ក្នុងនោះលោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់ កម្ពុជា ដែលត្រូវបានស្ថាប័នអន្តរជាតិ ក៏ដូចរាជរដ្ឋាភិបាលព្យាករណ៍អាចមានកំណើន​ក្នុង​រង្វង់៥% នៅឆ្នាំនេះ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការ​គ្រប់គ្រងការកើន​ឡើង​អតិផរណា ព្រមជាមួយនឹងសក្ដានុពលវិនិយោគជាច្រើនផ្សេងទៀត របស់ កម្ពុជា។

ជាពិសេសពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរវាង កម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗ និងច្បាប់វិនិយោគថ្មី ដែលបង្កការងាយស្រួល​ដល់វិនិយោគ និងមានការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនបរទេសជាច្រើនផងដែរ។

របាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជា គិតតាំងពីឆ្នាំ ១៩៩៤ រហូតមក ត្រឹមខែ​កក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍ ន៍ កម្ពុជា  បានសម្រេចអនុញ្ញាត ឲ្យ ក្រុមហ៊ុន​ជប៉ុន ជិត ១៥០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុប ជិត ៣ពាន់លានដុល្លារអាមេរិក៕