កម្ពុជានឹងទទួលរងអតិផរណាក្រោម៥ភាគរយក្នុងឆមាសទី២

ភ្នំពេញ៖ លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជា​កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ​ក្រុម​បេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធាន​បេស​កកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Alasdair Scott បានមានប្រសាសន៍ថា បេសកកម្មមាត្រាទី IV ជាបេសកកម្មតាមដាននិងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ IMF ដើម្បីផ្ដល់ជូនអនុសាសន៍គោលនយោបាយដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោកបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព​ដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ នាឱកាសនោះ ឯកឧត្ដម ទេសាភិបាលបាន​ស្វាគមន៍និងថ្លែងអំណរគុណដល់ក្រុមបេសកកម្មមាត្រាទី IV របស់ IMF និងបានជម្រាបជូនពីវឌ្ឍន​ភាព​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២២។ ឯកឧត្ដម ទេសាភិបាល បានជម្រាបជូនថា សេដ្ឋកិច្ចកម្ពុជារំពឹងថា​មាន​កំណើន​ក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង ៥%។

ទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវា ដែលខ្ពង់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ ៣ខែ។ ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់​រៀល​ធៀប​នឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រា​ដូចគ្នាក្នុង​រយៈពេល ៨ខែ ដំបូងឆ្នាំ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ចងើបឡើងជាលំដាប់។

ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជា​កាត់​បន្ថយ​ផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា។ ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្ត​មានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ។

ប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទានដល់វិស័យឯកជន ជាមួយនឹងកំណើន ២៣% ហើយក៏បានកៀគរប្រាក់​បញ្ញើ ដោយមានកំណើន ១៦% ផងដែរ។ ឥណទានរបស់ប្រព័ន្ធធនាគារបានគាំទ្រការ​វិនិយោគនៅ​គ្រប់វិស័យ​សេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើហានិភ័យនានាជាប្រចាំ។

ក្រោមការអនុវត្តកម្មវិធីរៀបចំឥណទានឡើងវិញ ប្រព័ន្ធធនាគារបានរៀបចំឥណទានដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តបុគ្គល ដែលរងផលប៉ះពាល់ពីវិបត្តិ ដែលជួយរក្សានិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាជីវភាពរស់នៅ​របស់​ប្រជាជន។ ទន្ទឹមនេះ ប្រព័ន្ធទូទាត់ក៏ត្រូវបានធ្វើទំនើបកម្ម ផ្អែកលើបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធបាគងដែល​ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីបង្កើនប្រសិទ្ធភាពការទូទាត់អេឡិចត្រូនិកនៅកម្ពុជានិងការតភ្ជាប់​ជាមួយ​បណ្តាប្រទេសនៅក្នុងតំបន់។

លោកទេសាភិបាលបានថ្លែងអំណរគុណចំពោះ IMF ដែលបានជួយផ្តល់ជាអនុសាសន៍គោលនយោបាយ​និងជំនួយបច្ចេកទេស ដែលកត្តាទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស៕