ធនាគារអេស៊ីលីដាត្រូវបានស្ថាប័នអន្តរជាតិរបស់ IFC ចាត់ទុកជាគ្រឹះស្ថានហិរញ្ញវត្ថុគំរូនៅកម្ពុជា

ភ្នំពេញៈ វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​គ្រប់គ្រង​ដោយ​ហិរញ្ញវត្ថុ​សហប្រតិបត្តិការ​អន្តរជាតិ (IFC) បានជ្រើសរើស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច និង​មធ្យម​សកល​លើក​ទី​៩ នៅ​រាជធានី​ភ្នំពេញ ដោយបាន​នាំយក​ប្រទេស​ចំនួន ៦០​ជាមួយ​អ្នកចូលរួម​ជាង ៤០០ នាក់​ដើម្បី​មក​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​ការអភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​

​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ព្រឹត្តិការណ៍​វេទិកា​ហិរញ្ញវត្ថុ​SME សកល​លើក​ទី ៩​ឆ្នាំ ២០២២​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ថ្ងៃទី ១៩-២១ ខែកញ្ញា  ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ឌីជីថល​នីយកម្ម​អាច​ជំរុញ និង​ព​ន្លឿ​ន​ហិរញ្ញវត្ថុ​បៃតង បង្កើន​ប្រសិទ្ធភាព​ខ្សែសង្វាក់​ផ្គត់ផ្គង់ កែលម្អ​សុវត្ថិភាព​ទិន្នន័យ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ជាមួយនិង​ការនាំ​ទៅរក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​កាន់តែច្រើន​ផងដែរ​។​

​ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ Global SME Finance ទៅកាន់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២២ លោក​Matthew Gamser អគ្គនាយក​វេទិកា​ហិរញ្ញវត្ថុ SME បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា​បេសកកម្ម​ស្ថាប័ន​របស់លោក​ដែល​នាំយក​អ្នកចូលរួម​ជាង ៤០០​នាក់​មកពី ៦០ ប្រទេស​មក​កម្ពុជា​ដើម្បី​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍ និង​កសាង​បណ្តាញ​SMEs​។​

​លោក​ថ្លែងថា​៖ «​ជា​រៀងរាល់ឆ្នាំ យើង​មាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​យើង​ព្យាយាម​នាំ​មនុស្ស​មកជួបជុំ​គ្នា​នៅ​ទីក្រុង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។ នៅ​ឆ្នាំនេះ ពួកយើង​ជ្រើសរើស​មក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​វា​ជា​កន្លែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​យើង​មាន​ស្ថាប័ន​ដូចជា ធនាគារ​អេស៊ីលីដា ពិតជា​កត្តា​ជំរុញ​នៃ​របៀប​ដែល​អ្នក​អាច​បម្រើ​អាជីវកម្ម​ខ្នាតតូច មីក្រូ​សហគ្រាស និង​អ្នកប្រើប្រាស់​តាម​វិធី​ផ្សេងៗ ដែល​នឹងមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​»​។​

​លោក​Matthew លើកឡើងថា​៖ «​ដូច្នេះ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បានមក​ទីនេះ ដោយសារ​បេសកកម្មរ​បស់​យើង គឺ​លើកកម្ពស់​ការសិក្សា និង ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ថ្មី​។ យើង​អាច​កសាងបាន ហើយ​ថែមទាំង​មានការ​សន្ទនា​ដ៏​ល្អ​ពី​មនុស្ស​ជាច្រើន​ពី​វិស័យ​សាធារណៈ​នៅទីនេះ​។ យើង​នឹងមាន​កិច្ចពិភាក្សា​ល្អ​អំពី​របៀប​បង្កើត​បរិយាកាស​ល្អ​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​គាំទ្រ​ប្រកបដោយ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ធនាគារ របស់លោក​បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន ដោយ​ផ្តើមចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក រហូត​ក្លាយជា​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ក្នុង​តំបន់ រួមមាន​ប្រទេស​ឡាវ នៅ​ឆ្នាំ ២០០៨ និង​មី​យ៉ាន់​ម៉ា នៅ​ឆ្នាំ ២០១៣​។ នៅ​ខែឧសភា ឆ្នាំ​២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។​

​លោក​បណ្ឌិត បញ្ជាក់ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស ក្នុងការ​ចែករំលែក ព្រមទាំង​ការសិក្សា​ស្វែងយល់​រវាង​គ្នា​នឹង​គ្នា​ជាមួយនឹង​គណៈប្រតិភូ ដែលជា​ថ្នាក់ដឹកនាំ​អង្គភាព​ធុរកិច្ច​ជុំវិញ​សកលលោក ហើយ​យើង​សង្ឃឹមថា ការចែករំលែក​នូវ​ជំនាញ និង​បទពិសោធន៍ ប្រកបដោយ​ភាពជោគជ័យ​នេះ គឺជា​គុណប្រយោជន៍​ល្អ​បំផុត សម្រាប់​អង្គភាព​អាជីវកម្ម​ទៅវិញទៅមក ក៏ដូចជា​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម នៅ​ទូទាំង​សកលលោក​»​។​

​យោងតាម​លោក ចាន់នី ជាមួយនឹង​កម្ចី​សរុប​ចំនួន ៦ ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ធនា​គា​រលោក ក្នុងនោះ ៨០ ភាគរយ​បានផ្តល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​កើនឡើង​ប្រហែល​២០ ភាគរយ​ជា​រៀងរាល់ឆ្នាំ​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២២​ធនាគារ អេស៊ីលីដា មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,៣៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,០១​ពាន់​លាន​ដុល្លារ​អាមេរិក​និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៥៩​លាន​នាក់​។​គិត​ត្រឹម​ដំណាច់​សីហា ឆ្នាំ​២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល​លើស ២,៥​លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម​ចំនួន ១៧៥​ពាន់​៕