NBC៖ សហគ្រាសធុនតូចនិងមធ្យមជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា(NBC)បានថ្លែងថា ហគ្រាសធុនតូច​និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត​ឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាព​ក្រីក្រ និងជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

ការថ្លែងរបស់លោក ជា ចាន់តូ អំឡុងពេលដែលលោកបានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក​វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) ដែលធ្វើឡើងក្រោមប្រធានបទ «ការចាប់យកឌីជីថលូបនីយកម្ម​សម្រាប់ការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់សហគ្រាស​ធុនតូចនិង​មធ្យម»កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ។

វេទិកាលំដាប់អន្តរជាតិនេះបានធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីភ្ញៀវអន្តរជាតិជាង ៣០០ នាក់មកពី ៦៥ ប្រទេស ដែលតំណាងឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស តំណាងធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ។ លោក ទេសាភិបាល បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការលើកយកប្រធានបទនេះមកពិភាក្សា ដោយលោកបានបញ្ជាក់ថាសហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត​ឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែកន្លងមក ទន្ទឹមនឹងសារៈសំខាន់នេះ សហគ្រាសធុនតូចនិងមធ្យម​តែងជួបបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាប្រឈមចម្បងជាងគេគឺការទទួលបានសេវាហិរញ្ញ​វត្ថុផ្លូវការ។

លោកបានថទេសាភិបាល បានយកឱកាសនេះលើកឡើងពីនិន្នាការសកលទាក់ទងនឹងការវិវត្តនូវបច្ចេក​វិទ្យាហិរញ្ញវត្ថុដែលកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម។

លោកបានថ្លែងយ៉ាងដូច្នេះថា៖« ជាក់ស្តែង ការអភិវឌ្ឍយ៉ាងជោគជ័យនៃប្រព័ន្ធទូទាត់បាគង​របស់​ធនាគារជាតិនៃកម្ពុជា បានសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅ និងអាជីវកម្ម​ខ្នាតតូច​នៅកម្ពុជា តាមរយៈការផ្តល់សេវាទូទាត់ងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ និងចំណាយទាប ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យម​ជាច្រើននៅ​កម្ពុជា បន្តសកម្មភាពអាជីវកម្មជាប្រក្រតី ទោះបីអំឡុងពេលមានការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

លោក ទេសាភិបាល បានលើកឡើងជាក្តីរំពឹងថាវេទិកាដែលប្រមូលផ្តុំដោយវាគ្មិនជំនាញជាច្រើននេះ នឹងទទួលបានលទ្ធផលជាដំណោះស្រាយកាន់តែប្រសើរក្នុងការជំរុញការអភិវឌ្ឍ និងការផ្ដល់​ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នដល់សហគ្រាសធុនតូចនិងមធ្យម»។

គួររំលេចថា វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) គឺជាកិច្ចសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និងជាវេទិកាជួបជុំផ្ទាល់ជាលើកដំបូងគិតចាប់ពីឆ្នាំ២០២០ មក។ វេទិកា Global SME Finance Forum តែងធ្វើឡើងជារៀងរាល់ឆ្នាំដោយប្តូរទីតាំងទៅប្រទេសមាន​សក្តានុពល​នានា តែត្រូវបានខកខានការរៀបចំប្រជុំដោយផ្ទាល់រយៈពេលពីរឆ្នាំគឺឆ្នាំ២០២០ និង​២០២១ ដោយមានតែការរៀបចំតាមអនឡាញប៉ុណ្ណោះ៕