ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ១,២​លាន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០២២

ភ្នំពេញៈ ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ ប្រមាណ​ជាង ១,២​លាន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០២២ នេះ ​កើន​ឡើង​ជិត ៩០​ភាគ​រយ​បើ​ធៀប​នឹង​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​ខេត្ត​បាត់ដំបង សៀមរាប និង​កែប​ ទទួល​បាន​ភ្ញៀវ​ច្រើន​ជាង​គេ។ នេះ​បើ​តាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤-​២៦ ខែ​កញ្ញា ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ទូទាំង​ប្រទេស ១ ២៥៩ ១២១​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ មានចំនួន ១ ២៤៤ ៦៤២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃ​ក្នុង ១៤ ៤៧៩​នាក់​។ ​ចំនួន​សរុប​ខាង​លើ គឺ​ថ្ងៃទី១ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​(ថ្ងៃ​ទី​២៤ ខែ​កញ្ញា) មាន​ភ្ញៀវ​ដើរ​កម្សាន្ត​ ៣៣៩ ៤៥៩​នាក់, ថ្ងៃទី២​(ថ្ងៃ​ទី​២៥ ខែ​កញ្ញា) មាន​ ៥១២ ១២៦​នាក់ និង​ថ្ងៃទី៣ (ថ្ងៃ​ទី​២៦ ខែ​កញ្ញា) មាន​ចំនួន ៤០៧ ៥៣៦​នាក់។

បាត់ដំបង គឺ​ជា​ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ ដោយ​មាន​ចំនួន ២១០ ១២២​នាក់, សៀមរាប ១៤៣ ៤៧០​នាក់, កែប ១១៦ ៧៧៦​នាក់, ពោធិ៍សាត់ ៩៦ ៤៥២​នាក់, ព្រះ​សីហនុ ៨៤ ៥៥៧​នាក់, កំពង់ចាម ៧៩ ៥៧៤​នាក់, ខេត្ត​កំពត ៧៧ ៥៤៨​នាក់, កណ្តាល ៥៤ ៥៤៦នាក់, កំពង់ឆ្នាំង ៥៤ ០២៦​នាក់ និង​ខេត្ត​ប៉ៃលិន ៤៩ ៧៤៨​នាក់។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ថោង ខុន បាន​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ដើរ​កម្សាន្ត​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គឺ​មាន​កំណើន ៨៩,៤៣​ភាគ​រយ​បើ​ធៀប​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​ភ្ជុំ​បិណ្ឌ​កាល​ពី​ឆ្នាំ​២០២១។

លោក​បាន​ថ្លែង​ថា៖​«​ចរន្ត​ភ្ញៀវ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ មាន​សភាព​ផុស​ផុល​ខ្លាំង​ធៀប​នឹង​ឆ្នាំ​២០២១ ដោយ​សារ​រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​កម្សាន្ត​នៅ​គ្រប់​រមណីយ​ដ្ឋាន​ទេសចរណ៍​ទាំង​អស់ ហើយ​ប្រជាពល​រដ្ឋ​អាច​ទៅ​ធ្វើ​បុណ្យ​ទាន​នៅ​តាម​ទី​វត្ត​អារាម​នានា​ដោយ​ពុំ​មាន​ការ​រឹត​ត្បិត ខុស​ពី​ឆ្នាំ​២០២១ ដែល​ប្រជា​ពលរដ្ឋ​បាន​ត្រឹម​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ត្រឹម​មុខ​ខ្លោង​ទ្វារ​ចូល​វត្ត ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩»​។

បើ​តាម​លោក ថោង ខុន សម្រាប់​រយៈ​ពេល ៣​ថ្ងៃ​នេះ សភាព​ការណ៍​ទេសចរណ៍​ជា​រួម​គឺ​មាន​ភាព​ល្អ​ប្រសើរ បើទោះ​បី​បណ្តា​រាជធានី/​ខេត្ត​ភាគ​ច្រើន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង និង​ការ​កក​ស្ទុះ​នៅតាម​តំបន់ និង​ផ្លូវ​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ក៏​ដោយ។​