ភ្នំពេញ៖ធនាគារអេស៊ីលីដា និង និយ័តករមូលបត្រកម្ពុជា(SERC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរសម្រេចផ្តល់សិទ្ធិដល់ធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ។
ការសម្រេចនេះត្រូវធ្វើឡើងតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងលោក ស៊ូ សុជាតិអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា និងលោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ីនៅថ្ងៃទី៧ ខែវិច្ឆិកានេះ។

លោក ស៊ូ សុជាតិបានមានប្រសាសន៍ថា ថ្វីត្បិតតែវិស័យមូលបត្រនៅកម្ពុជា មានដំណើការអស់រយៈពេលជាងមួយទស្សវត្សក៏ដោយ SERC នៅតែបន្តប្រឹងប្រែង ស្វែងរកកិច្ចសហការអភិវឌ្ឍទីផ្សារឱ្យកាន់តែប្រសើរឡើង ក្នុងការសម្របខ្លួនឱ្យបានតាមបច្ចុប្បន្នភាពទីផ្សារអន្តរជាតិ រាប់បញ្ជូលទាំងការតាក់តែងបទប្បញ្ញត្តិពាក់ព័ន្ធ ការសិក្សាស្រាវជ្រាវផលិតផលមូលបត្រ ការជំរុញការបោះផ្សាយ ការជំរុញការជួញដូរ និងការបង្កើនការយល់ដឹងដល់វិនិយោគិនជាដើម។
លោកបានថ្លែងថា ៖«ទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់យើងមានប្រព័ន្ធទ្រទ្រង់ ឬសរសរស្តម្ភគ្រប់គ្រាន់ (វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ,អន្តរការីទីផ្សារនិងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ) និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ»។
«ខ្ញុំសង្ឃឹមថា កាចុះកិច្ចព្រមព្រៀងនេះនឹងផ្តល់នូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពដល់វិនិយោគិនក្នុងការទូទាត់ថ្លៃសេវា ក៏ដូចជាពន្លឿនដល់ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញផងដែរ»។ នេះបើយោងតាមការថ្លែងរបស់លោកសុជាតិ។

លោកស្រី ម៉ារ អមរា បានមានប្រសាសន៍ថាដោយការវិនិយោគវិស័យមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ធនាគារ អេស៊ីលីដា និង SERC បាន ឯកភាពគ្នាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះ។
លោកស្រីថា តាមរយៈកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា អាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Master Card, Diners, JCB, និង UPI Card។
លោកស្រីបានថ្លែងថា៖«ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន ដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែសកម្ម និងរស់រវើក»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៨ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,២៤ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៧៣លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលលើស ២,៦លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ១៩០.០០០ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២។