កិច្ចប្រជុំត្រៀមលក្ខណៈដើម្បីប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន​គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំរៀបចំជ្រើសរើសមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មការ និងថ្នាក់ដឹកនាំពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈដើម្បីរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ​២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយការប្រឡងត្រូវមានតម្លាភាព និងសុក្រឹត្យភាព ដើម្បីធានា​បានការជ្រើសរើសមន្រ្តីរាជការប្រកបដោយគុណភាព និងសមត្ថភាព។

កិច្ចប្រជុំនេះបានពិភាក្សាលើ​ការបែងចែកចំនួនមន្រ្តីរាជការដែលនឹងប្រឡងជ្រើសរើសតាមអង្គភាព និងស្ថាប័ន​ក្រោមឱវាទក្រសួង ពិនិត្យលក្ខខណ្ឌនៃការជ្រើសរើសមន្រ្តីរាជការ រៀបចំឯកសារគតិយុត្តពាក់ព័ន្ធ បែងចែក​ភារកិច្ច​ដល់សមាជិកគណៈកម្មាធិការ និងកំណត់ពេលប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យរួចរាល់នៅដើម​ត្រីមាស​ទី២ ឆ្នាំ២០២៣។

ដើម្បីជំរុញការប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យបានឆាប់រហ័ស ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែ​នាំឱ្យយកចិត្តទុកដាក់ទៅលើនីតិវិធីក្នុងការរៀបចំធ្វើលិខិតជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ ឱ្យបានឆាប់រហ័ស​ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យសម្រេចជាផ្លូវការ មុននឹងផ្សព្វផ្សាយដល់បេក្ខជនដែលមានបំណងប្រឡង​ចូលជាមន្រ្តីរាជការ៕