ការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់

រាជធានីភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបាន បោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា នៅថ្ងៃសុក្រ ​ទី២២ ខែធ្នូ ឆ្នាំ២០២៣បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បាន ចូលរួមបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម​។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម ដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ​និយោជិត ធនាគារ អេស៊ីលីដា បានចូល​រួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​ចំនួន ០៦ដង រួចមកហើយ កាលពីថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពី ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះនៅថ្ងៃនេះ ជាលើកទី ០៧ ហើយ ដែលកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៦៩នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម​ និង​​មនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមជាចាំបាច់​ ជាពិសេស​សម្រាប់ជួយជីវិត​មនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមាន​ប្រសាសន៍​ថា សកម្មភាព​បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បាន​ចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើង​មិនទាន់មាន​ឈាម ដែលមានប្រភពពី​អ្នកស្ម័គ្រចិត្ត ​គ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​​​​​​​​អ្នកជំងឺ ហើយនៅទូទាំងប្រទេស​ត្រូវការឈាមប្រមាណ ២០០ប្លោក ជា​រៀងរាល់​​ថ្ងៃ ដូចនេះ យើង​ត្រូវការឈាមបន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​បន្ទាន់។ ​

លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវ​នាវទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជា​ពិសេស​​​ក្រុម​យុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា ​បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរស​ជនស្ម័គ្រចិត្តទាំងឡាយនោះទេ​ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើង ដូច្នេះ ការ​ចូលរួមរបស់​បងប្អូន​ពិត​ជា​មានសារៈ​សំខាន់​យ៉ាងខ្លាំងណាស់។  លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគ​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់​ជនរងគ្រោះ​ដែលត្រូវ​ការឈាមជា​ចាំបាច់នោះ​៕