ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគង

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ពិធីប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងតំណាងពីក្រសួងទេសចរណ៍ ក្រុមហ៊ុន UPI និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ ១៥០ រូប។
 
ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ ដូចគ្នានេះដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅ ប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជន ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងបណ្តាញទូទាត់ UnionPay នៅទូទាំងពិភពលោក ដោយគ្រាន់តែស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។
បន្ថែមលើនេះ សមិទ្ធផលថ្មីនេះក៏បានឆ្លុះបញ្ចាំងអំពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។