កម្ពុជា-ឥណ្ឌូនេស៊ីនឹងពង្រីកការហោះហើរត្រង់

ភ្នំពេញៈ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ –  បានទទួលជួបសម្តែង​ការគួរសមជាមួយ ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពី​កាលានុវត្តភាព​សម្រាប់កិច្ចសហប្រតិបត្តិការនៃការពង្រឹងទេសចរណ៍រវាងប្រទេសទាំងពីរ លើការអភិវឌ្ឍធនធាន​មនុស្សក្នុង​វិស័យទេសចរណ៍ ការតភ្ជាប់ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញលំហូរភ្ញៀវទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានសង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការយល់​ដឹង​អំពីគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍​សំខាន់ៗ​របស់ឥណ្ឌូណេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗដែលមានភាពទាក់ទាញរបស់កម្ពុជាដូចជា៖ ខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម៕