សភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហការដើម្បីស្តារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩

ភំពេញ៖ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងរដ្ឋសភាវៀតណាម បានបង្ហាញជំហរដូចគ្នា ដោយសន្យាថា នឹង គាំទ្រគ្នាទៅវិញទៅមក លើកិច្ច សហប្រតិបត្តិការនានា ដែលនឹងជួយដល់ការ ស្តារសេដ្ឋកិច្ច សង្គម ឱ្យមានការងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមក្រសួងព័ត៌មាន។

ប្រភពដដែលបានឲ្យដឹងថា ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងជំនួបសន្ទនាការងារ​រវាងសម្តេច​លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធាន​រដ្ឋសភាវៀតណាម តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១​នេះ។

លោក វឿង ឌីញ ហ្វេ លើកឡើងថា ភាគីវៀតណាម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាព ជាមួយកម្ពុជាឱ្យកាន់តែរឹងមាំឡើង ដើម្បីស្តារ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសទំាងពីរឱ្យ កាន់តែរីកចម្រើនឡើង នៅក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ។

លោក ហេង សំរិនឆ្លើយតបថា មរតកនៃមិត្តភាពយូរអង្វែងរវាងកម្ពុជានិង វៀតណាម​បានធ្វើ​ឱ្យមានកិច្ចសហប្រតិបត្តិការ ស្ទើរគ្រប់វិស័យ ដោយនៅក្នុងនោះបាន ជំរុញទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យនៅតែបន្តកើនឡើងខ្ពស់នាដើមឆ្នាំ២០២១ នេះ ទោះបីស្ថិត​នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្តី។

លោក ហេង សំរិនក៏បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយថវិកា ប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះ គម្រោងបានមនិងកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស និងរំពឹងថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់៕

Leave a Reply

Your email address will not be published. Required fields are marked *