ក្រសួងទេសចរណ៍​ជំរុញ​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូ​កា (HoKa) ដើម្បី​ចូលរួម​ស្តារ​វិស័យ​ទេសចរណ៍​ក្នុងភូមិ​ភាគ​ឦ​សាន្ត

(​ភ្នំពេញ​) លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា បាន​មានប្រសាសន៍ថា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ គឺជា​ធាតុ​ដ៏​សំខាន់​មួយ​របស់​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩
​ការលើកឡើង​បែបនេះ​ក្នុងពេលដែល​លោក​បាន​អ​ញ្ញើញ​ជា​ធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល “​គ្រូ​បង្គោល​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​” សម្រាប់​ខេត្តរតនៈគិរី តាម​ប្រព័ន្ធ​វីដេអូ​កាលពី ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១​ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការ​ស្វី​ស ខន់​ថាក់ គ្រូ​បង្គោល​អាស៊ាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ភូមិភាគ​ឦ​សាន្ត និង​សិក្ខាកាម សរុប​ចំនួន ៧០​រូប​។
​លោក​បាន​គូសបញ្ជាក់ថា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ គឺជា​ធាតុ​ដ៏​សំខាន់​មួយ​របស់​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥ ក្នុងនោះ​សកម្មភាព​សំខាន់​នៅក្នុង​មុំ​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ទេសចរណ៍​រួមមាន​៖ (១) ពង្រឹង​លក្ខណៈសម្បត្តិ​ឱ្យ​បុគ្គលិក​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ត្រៀមខ្លួន​ឆ្ពោះទៅ​ដំណាក់កាល​ស្តារឡើងវិញ​តាមរយៈ​ការពង្រឹង​ជំនាញ​វិជ្ជាជីវៈ និង​សមត្ថភាព​របស់ខ្លួន (២) លើកកម្ពស់​ផលិតភាព​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ តាមរយៈ​ពង្រឹង​ការបណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល និង​ជំនាញ​ឌីជីថល​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ (៣) ពង្រឹង​ការអភិវឌ្ឍ​ជំនាញ​ទេសចរណ៍​ក្នុង​បរិ​កាណ៍​ថ្មី រួមមាន​បន្ស៊ី​ជំនាញ​ឌីជីថល​ជាមួយនឹង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ពង្រឹង​ការអភិវឌ្ឍ​ជំនាញ​ទេសចរណ៍​ស្របតាម​ចក្ខុវិស័យ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” និង​បន្ត​ជំរុញ​កម្មវិធី​កម្មសិក្សា​ក្នុង​វិស័យ​ទេសចរណ៍ (Internship Program) (៤) គម្រោង​បង្កើត​សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​និង​ខេត្តមណ្ឌលគិរី និង (៥) ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​កម្ពុជា (HoKa) ដែលជា​គម្រោង​របស់​ក្រសួងទេសចរណ៍​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ ស្វី​ស ខន់​ថាក់ ដែល​យើង​កំពុងតែ​អនុវត្ត ជាពិសេស​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ​តែម្តង​។
​លោក​ក៏ បាន​ណែនាំ​អោយ​សិក្ខាកាម​ដែលជា​គ្រូ​បង្គោល ចំនួន ៤០​រូប ក្នុងចំណោម​អ្នកដាក់ពាក្យ​សរុប​ចំនួន ៧៣​រូប ដែល​បាន​ក្រុមការងារ​វាយតម្លៃ និង​ជ្រើសរើស ត្រូវ​ត្រងត្រាប់​ស្តាប់ និង​ខិតខំ​សិក្សា​ស្រូបយក​ចំណេះដឹង និង​ជំនាញ​ពី​គ្រូ​បង្គោល​អាស៊ាន និង​លើកទឹកចិត្ត​សិក្ខាកាម​ទាំងអស់ អោយខិត​ខំប្រឹងប្រែង​យកចំណេះ​ដឹង និង​ជំនាញ​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​ចែករំលែក​បន្ត និង​អនុវត្ត​ក្នុង​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​អោយបាន​ល្អប្រសើរ និង​ត្រូវ​មានគំនិត​សុទិដ្ឋិនិយម​ចំពោះ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅពេល​ខាងមុខ និង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ពង្រឹង​សេវាកម្ម​ទេសចរណ៍​នៅ​ភូមិភាគ​ឥ​សាន្ត​នេះ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *