ក្រសួងពាណិជ្ជកម្ម និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​រួមគ្នា​សហការ​លើ​ការព្រាង​រៀបចំ​កម្មវិធី​អភិបាលកិច្ច​សេដ្ឋកិច្ច និង​គោលនយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម​និង ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​កំពុង​ពិភាក្សាគ្នា​ក្នុងការ​ដាក់​ធាតុ​ចូលក្នុង​ការព្រាង​រៀបចំ​កម្មវិធី​អភិបាលកិច្ច​សេដ្ឋកិច្ច និង​គោលនយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​កម្ពុជា​។
​កាលពី​សៀ​ល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២១ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ នៃ​ក្រសួងពាណិជ្ជកម្ម និង​លោក David Bloch លេខា​ទូត​ទី​១ នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ជួបប្រជុំ​ទ្វេភាគី​តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ (Zoom) ដែល​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិគ្រោះ​យោបល់ និង​សិក្សា​អំពី​តម្រូវការ ក៏ដូចជា​ការងារ​អាទិ​ភាព​របស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​ផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ជាមួយ​អូស្ត្រាលី ដោយ​រៀបចំ​បញ្ចូល​តម្រូវការ និង​ការងារ​អាទិភាព​របស់​ក្រសួងពាណិជ្ជកម្ម​ទៅក្នុង​កម្មវិធី​ថ្មី ដែលមាន​ឈ្មោះថា “​កម្មវិធី​អភិបាលកិច្ច​សេដ្ឋកិច្ច និង​គោលនយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ​” ក្នុង​ជំនួយ​ដែលមាន​ទឹកប្រាក់​ប្រមាណ ៨៥-១២០ លាន​ដូ​ល្លារ​អូ​ស្ត្រ​លី សម្រាប់​រយៈពេល ៦​ឆ្នាំ​។
«​កម្មវិធី​ថ្មី​នេះ​នឹង​ផ្តោតទៅលើ​ប្រធានបទ​សំខាន់ៗ ដូចជា ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ច​ឌីជីថល កសិកម្ម ក​សិ​-​ឧស្សាហកម្ម យេនឌ័រ និង​បរិ​យា​ប័ន្ន​»​។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​។​

​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម សូម​អរគុណ​ដល់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ជា​ហិរញ្ញប្បទាន និង​ធនធាន​បច្ចេកទេស ក្នុងការ​ចូលរួម​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​កន្លងមក​។

​លោកស្រី​បាន​ថ្លែងថា​៖«​សមិទ្ធិផល​សំខាន់ៗ​របស់​ក្រសួងពាណិជ្ជកម្ម​រួមមាន ច្បាប់​កិច្ចការ​ការពារ​អ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រកួតប្រជែង ការបញ្ចប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ការបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ការបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​សមិទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ដែលមាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ដូចជា យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​គម្រោង Go4eCAM​។

​លោកស្រី​ក៏បាន​បញ្ជាក់​ពី​វិស័យ​អាទិភាព​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​អាច​ផ្តល់​ការគាំទ្រ​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូស្ត្រាលី​ដូចជា ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការរក្សា​ធានាបាន​នូវ​សមត្ថភាព​ប្រ​គួ​ត​ប្រជែង​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ក្របខ័ណ្ឌ​ច្បាប់​នានា ដូចជា ក្នុងការ​គាំទ្រ​ដល់​ការកសាង​ស្ថាប័ន និង​ការអនុវត្ត​ច្បាប់​ការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​នានា​ក្របខ័ណ្ឌ​ក្រសួងពាណិជ្ជកម្ម​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *