កម្ពុជា​ស្នើ​ហ្វីលីពីន​ជំរុញ​ទេសចរ​មក​ទស្សនា​បន្ថែ​ម ក្រោយ​ស្ថានភាព​កូ​វីដ​១៩ បាន​ធូរស្រាល​


ភ្នំពេញ​៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានស្នើ​ដល់​លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា ជួយ​ជំរុញ​ភ្ញៀវ​ទេស ចរ​ហ្វីលីពីន មក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល ខណៈ​នៅពេលនេះ​កម្ពុជា​កំពុង​រៀបចំ​ផែនការ​ទទួលយក​ភ្ញៀវទេសចរ ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ ឫ​មកពី​កន្លែង​ដែលមាន​ហានិភ័យ​ទាប​មក​ទស្សនា នៅក្នុង​កន្លែង​ដែលមាន​សុវត្ថិភាព​នៅ​កម្ពុជា​។​

​ការស្នើ​របស់លោក ថោង ខុន ធ្វើឡើង​កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្នុងជំនួប​ជាមួយ​លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

​លោក​បាន​ប្រាប់​លោកស្រី​ឯកអគ្គរដ្ឋទូត ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វីដ​១៩ និង​បានលើកឡើង ពី​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ត្រៀម​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ បាន​បិទ​បញ្ចប់​ផងដែរ​។​
​លោក​ថោង ខុន បាន​បន្ថែមថា កាលពីដើមឆ្នាំ​២០២១​នេះ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន តាមរយៈ​ប្រព័ន្ធ Video conference និង​បានសម្រេច​នូវ​វិធានការ​និង​គោលដៅ​នានា ដើម្បី​បើក​នូវ​ទេសចរណ៍ នៅក្នុង​តំបន់​អាស៊ាន​ឡើងវិញ ដោយ​ផ្តោតលើ​ទេសចរ បាន​ចាក់​វ៉ាក់សាំង​រួចហើយ និង​បាន ដាក់ចេញ​ផែនការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុងនោះ​មាន ការរៀបចំ​ឱ្យមាន​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ដោយ​រៀបចំ​ឱ្យមាន​ជា វិធាន​សុវត្ថិភាព អនាម័យ ដែល​អនុវត្តន៍​នៅក្នុង​វិស័យ​ឧស្សាហ៍កម្ម​ទេសចរណ៍​អាស៊ាន​ផងដែរ​។

« បច្ចុប្បន្ននេះ​ក្រសួងទេសចរណ៍ កំពុង​សិក្សា​និង​រៀបចំ​ឯកសារ​ទស្សនទាន​ស្តីអំពី កញ្ចប់​ទេសចរ​ចាក់​វ៉ាក់សាំង ក្នុង​គោលដៅ​ពិនិត្យ​លទ្ធភាព សម្រាប់​ប្រទេស ដែលមាន​ហានិភ័យ​ទាប បានមក​ទស្សនា​នៅ​តំបន់​ក្នុងប្រទេស​កម្ពុជា ក្នុង​តំបន់​ដែលមាន​សុវត្ថិភាព ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ប្រទេស​កម្ពុជា ដោយ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩​នេះ​។ ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការត្រៀម​លក្ខណៈ ឈាន​ឆ្ពោះទៅ​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ទទួល​ជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២​ខាងមុខ​ផងដែរ​»​។ នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់លោក​។​

​លោកស្រី Maria Amerita C. Aquino បាន​ឯកភាព នឹង​ជួយ​ជំរុញ​បន្ថែម​ឱ្យបាន​កំណើន​ទេសចរ មក​ទស្សនា ក្រោយ​ស្ថានភាព​កូ​វីដ បាន​ធូរស្រាល ជាមួយនឹង​ការជំរុញ​ឱ្យមាន​ការចូល​រួម​បណ្តុះបណ្តាល​លើ​វិស័យ​ទេសចរណ៍​ផងដែរ​ក្រោយ​ស្ថានភាព​កូ​វីដ បាន​ធូ​ស្រាល​៕

Leave a Reply

Your email address will not be published. Required fields are marked *