កម្ពុជា​ត្រៀមខ្លួន​ក្នុង​ការកសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ខៀវ

​ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ខៀវ (​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​សមុទ្រ​) ប្រកបដោយ​ចីរភាព សមភាព និង​ភាព​ធន់​។
​ការលើកឡើង​បែបនេះ​របស់លោក​រដ្ឋមន្ត្រី​រូបនេះ ធ្វើឡើង​អំឡុង​ពេលដែល​លោក​ធ្វើជា​អធិបតី​បើក​កិច្ចពិភាក្សា​តុមូល​ស្ដីពី​មហាសមុទ្រ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​ដំណើរ​ឆ្ពោះទៅ​សេដ្ឋកិច្ច​ខៀវ​សម្រាប់​សមុទ្រ​អាស៊ី​បូព៌ា​» (Towards a Blue Economic Pathway for East Asian Seas) ដែល​រៀបចំឡើង​ដោយ​អង្គការ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា (Partnership in Environmental Management for the Seas of East Asia – PEMSEA) ។
​លោក សាយ សំ​អាល់ បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការកសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ខៀវ (​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​សមុទ្រ​) ប្រកបដោយ​ចីរភាព សមភាព និង​ភាព​ធន់​។
​លោក​មានប្រសាសន៍​៖«​ជាក់ស្ដែង កម្ពុជា បាននិងកំពុង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ខៀវ ដែល​ក្នុងនោះ​រួមមាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក និង​ផ្លូវអាកាស ការជំរុញ​អភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ ការផ្គត់ផ្គង់​ថាមពល​និង​ទឹកស្អាត​គ្រប់គ្រាន់ ការពង្រឹង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​និង​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ជាពិសេស ការពង្រឹង​គុណភាព​ការអប់រំ​ដោយ​ផ្តោតលើ​ពហុ​ភាសា​»​។
​បើ​យោងតាម​លោក សាយ សំ​អាល់ កម្ពុជា​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ដៃគូ​នានា ជាពិសេស​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ក្នុងការ​ដោះស្រាយ​បញ្ហា​បរិស្ថាន ជាអាទិ៍ ការប្រែប្រួល​អាកាសធាតុ ការអភិរក្ស​ជីវៈចម្រុះ ការកាត់បន្ថយ​សំណល់​ប្លា​ស្ទីក​សមុទ្រ និង​កិច្ច​គាំពារ​តំបន់ឆ្នេរ​។​
​គួរ​បញ្ជាក់ថា កិច្ចពិភាក្សា​តុមូល​នេះ គឺជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ជាច្រើន នៃ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ របស់​អង្គការ PEMSEA ដែល​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ​។ អង្គការ PEMSEA ជា​អង្គការ​អន្តរជាតិ ដែលមាន​បេសកកម្ម​សម្របសម្រួល​កិច្ចការពារបរិស្ថាន​ស​មុ​ទ្រ មហាសមុទ្រ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព តាម​បណ្តា​ប្រទេស​ដែលជា​សមាជិក រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ហ្វីលីពីន សាធារណរដ្ឋ​កូរ៉េ សិង្ហ​បុរី ទី​ម័​រ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ និង​វៀតណាម ព្រមទាំង​មាន​អង្គការ​អន្តជាតិ​ជា​ដៃគូ​ចំនួន​២១៕

Leave a Reply

Your email address will not be published. Required fields are marked *